ព្រឹកនេះក្រសួងសុខាភិបាលធ្វើសន្និសីទព័ត៌មានស្តីពីអនុក្រឹត្យក្នុងការបង្កើនកម្រិតពិន័យអ្នកគេចវេះមិនធ្វើចត្តាឡីស័ក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ កុម្ភៈ ២០២១) ៖ វេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើសន្និសីទព័ត៌មានជុំវិញការកែសម្រួល អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទើបបានចេញផ្សព្វផ្សាយពីការកែសម្រួលអនុក្រឹត្យនេះ ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់ការធ្វើចត្តាឡីស័ក។ ជាពិសេសចាត់វិធានការចំពោះអ្នកដែលមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។
អនុក្រឹត្យនេះ បានសម្រេចបង្កើនកម្រិតការផាកពិន័យធ្ងន់ធ្ងរជាងមុនសម្រាប់ជនគេចវេះ និងជនឃុបឃិតក្នុងការគេចវេះពីការធ្វើចត្តាឡីស័ក។
សូមបញ្ជាក់ថា ការកែសម្រួលបង្កើនកម្រិតប្រាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនចូលរួមធ្វើចត្តាឡីស័កនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានរកឃើញថា មានពលករមួយចំនួន ដែលត្រឡប់មកពីប្រទេសថៃ បានគេចវេះមិនធ្វើចត្តាឡីស័កនៅព្រំដែន។ ករណីបែបននេះ បាននាំទៅដល់ការដកតំណែងអធិការស្រុកកំរៀង ខេត្តបាត់ដំបង៕