សម្តេចតេជោ ឲ្យក្រសួងសុខាភិបាលរៀបចំថវិកា និងឃីតបញ្ជូនទៅបណ្តាលខេត្តចំនួន៦ ជាប់ព្រំដែនវៀតណាម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ កុម្ភៈ ២០២១) ៖ តាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទបញ្ជា នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ឲ្យក្រសួងសុខាភិបាលចាត់ចែងរៀបចំថវិកាក៏ដូចជាឃីតដើម្បីចាត់ចែងបញ្ជូនទៅខេត្តទាំង៦ទៅតាមចំនួនដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។
លោកជំទាវបន្តថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្តនីមួយៗដែលជាប់ព្រំប្រទល់កម្ពុជា វៀតណាម នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលនឹងធ្វើការចាត់ចែងបញ្ជូនថវិកាក៏ដូចជាឃីតផ្តល់ជូនដល់ខេត្តទាំង៦ទៅតាមចំនួនដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។
លោកជំទាវបញ្ជាក់ថា ខេត្តជាប់ព្រំដែនវៀតណាម កំពុងមានប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ដែលទទួលបានប្រាក់ឧបត្ថម្ភរួមមាន ៖ ខេត្តកណ្តាល ថវិកា២០លានរៀល និងសម្ភារឃីត ចំនួន១០០, ខេត្តស្វាយរៀង ថវិកា ៥០លានរៀល និងសម្ភារឃីតចំនួន ៣០០, ខេត្តព្រៃវែង ថវិកា៣០លានរៀល និងសម្ភារឃីតចំនួន ១០០, ខេត្តត្បូងឃ្មុំ ថវិកាចំនួន ២០លានរៀល និងសម្ភារឃីតចំនួន ១០០, ខេត្តរតនគិរី ថវិកា ២០លានរៀល និងសម្ភារឃីត ១០០ និងខេត្តតាកែវ ថវិកា៣០លានរៀល និងសម្ភារឃីតចំនួន ១០០៕