សម្តេចតេជោ សួរត្រឡប់ទៅអ្នករិះគន់វិញ «ជំនាន់មុនលុបបឹងបាន ហេតុអ្វីជំនាន់ខ្ញុំលុបមិនបាន?»
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មករា ២០២១ ) ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ បានថ្លែងថា «ជំនាន់មុនលុបបឹងបាន ហេតុអ្វីជំនាន់ខ្ញុំលុបមិនបាន?»
ការថ្លែងរបស់សម្តេចតេជោនៅពេលនេះ គឺបន្ទាប់ពីមានការរិះគន់អំពីការលុបបឹងក្នុងរាជធានីភ្នំពេញ ដែលបង្កឱ្យមានទឹកជំនន់នោះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការលុបបឹងគឺដើម្បីអភិវឌ្ឍន៍ ហើយការលុបបឹងនេះ គឺមានតាំងពីជំនាន់មុនម្ល៉េះ ប៉ុន្តែសម្តេចជំទាស់ការបិទមុខទឹក។
ជាមួយនឹងការលើកឡើងច្រំដែលៗពីមនុស្សមួយចំនួនដែលថាយើងលុបបឹង យើងលុបអានេះ យើងលុបអានោះ សម្តេចតេជោ បានសួរអស់លោកត្រឡប់ទៅវិញ តើទីក្រុងភ្នំពេញកាលពីដើម កន្លែងណាគោក កន្លែងណាទឹក? នៅទីក្រុងភ្នំពេញសុទ្ធតែបឹងទាំងអស់។ ផ្ទះរបស់ខ្ញុំនៅលើព្រែកហ្មង វិមានឯករាជ្យកសាងនៅកន្លែងព្រែកតើ។ អ៊ីចឹងយើងមានបឹងរាំង បឹងព្រលឹត បឹងកេងកង បឹងនេះ បឹងនោះ សុទ្ធតែបឹងទាំងអស់នៅទីក្រុងភ្នំពេញ។
ចុះពេលនោះម៉េចក៏គេលុបបាន ឥឡូវម៉េចក៏ខ្ញុំលុបមិនបាន? ក្រែងត្រូវការអភិវឌ្ឍ បើត្រូវការអភិវឌ្ឍ ត្រូវការលុប។ ជំនាន់មុនធ្វើបាន ជំនាន់ខ្ញុំមិនបានហី? ប៉ុន្តែខ្ញុំមិនយល់ស្របទេ ការបិទមុខទឹកដែលបង្វែរចរន្តទឹក ឧទាហរណ៍ស្ទឹងព្រែកត្នោតជាដើម ត្រូវតែទម្លុះមុខទឹករបស់វា»៕