ក្នុងឆ្នាំ ២០២០ ក្រសួងព័ត៌មានរកឃើញការផ្សាយព័ត៌មានក្លែងក្លាយ ប្រមាថ ញុះញង់ ចំនួន ១ ៣៤៣ ករណី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ មករា ២០២១) ៖ នៅក្នុងសិក្ខាសាលាស្ដីពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានថ្លែអោយដឹងថា ក្រសួងព័ត៌មានបានរកឃើញប្រភពព័ត៌មាននានា ដោយបានផ្សព្វផ្សាយព័ត៌មានមិនពិត និងដំណឹងក្លែងក្លាយ ញុះញង់ រិះគន់ និងជេរប្រមាថថ្នាក់ដឹកនាំ និងព្រះមហាក្សត្រចំនួន ១ ៣៤៣ ករណី ក្នុងឆ្នាំ ២០២០ ក្នុងនោះបានលុបអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួន ៣ ដែលផ្សាយបំពានច្បាប់ធ្ងន់ធ្ងរ។
ឯកឧត្តម ផុស សុវណ្ណ បានថ្លែងថា៖ «គណនីបណ្ដាញទំនាក់ទំនងសង្គមដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានឈ្មោះចុះបញ្ជីត្រឹមត្រូវ គឺយើងប្រាប់ឱ្យធ្វើការកែតម្រូវ ឬដកព័ត៌មាននោះចេញ។ គណនីបណ្ដាញទំនាក់ទំនងសង្គមដែលគ្មានការចុះបញ្ជីផ្លូវការត្រឹមត្រូវយើងបានបញ្ជូនទៅក្រសួងមហាផ្ទៃ ឬស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការពិនិត្យស្រាវជ្រាវចាត់ការតាមច្បាប់»។
ឯកឧត្តម ផុស សុវណ្ណ បញ្ជាក់ថា ការរីកចម្រើនលើវិស័យបច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយបានចូលរួមយ៉ាងសកម្មក្នុងការពង្រីកការតភ្ជាប់ទំនាក់ទំនងរបស់មនុស្សជាតិ និងបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រតិបត្តិករ សោតទស្សន៍ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយនានា។ ប៉ុន្តែបច្ចេកវិទ្យាទំនើបនេះក៏បានធ្វើឱ្យការផ្សព្វផ្សាយ និងការចែករំលែកព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយបានកាន់តែលឿនជាងពេលមុនទ្វេដង ហើយបង្កផលប៉ះពាល់យ៉ាងធំធេងដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ និងបង្កឱ្យអត់សណ្តាប់ធ្នាប់សង្គមផងដែរ។
បើតាមរបាយការណ៍ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងករណីទាំងនោះ ក្រុមការងាររបស់ក្រសួងព័ត៌មានបានជូនដំណឹងឱ្យកែតម្រូវចំនួន ៤៩ ករណី។ ប្រគល់ឱ្យអគ្គស្នងការនគរបាលជាតិចាត់វិធានការចំនួន ៣៦ ករណី។ ប្រគល់ទៅនិយតករទូរគមនាគមន៍កម្ពុជាចំនួន ២ ករណីបានបិទគេហទំព័រ។ ប្រគល់ជូនក្រុមហ៊ុនហ្វេសប៊ុក ៨ ករណី ក្នុងនោះបានលុបមាតិកាចំនួន ១ និងបិទគណនីចំនួន ២។ កាលពីឆ្នាំមុននេះអគ្គស្នងការនគរបាលជាតិបានឃាត់ខ្លួនបុគ្គល ២ រូបដែលបង្ហោះសារប្រមាថថ្នាក់ដឹកនាំ និងបង្កចលាចលក្នុងសង្គមគឺឈ្មោះ ណី ណាក់ ម្ចាស់គេហទំព័រហ្វេសប៊ុក IMan-KH និងឈ្មោះ ងិន ស៊ុយទ្រី ម្ចាស់គណនីហ្វេសប៊ុកជាច្រើនមានដូចជា Bong Seyha, Try Seangmey ជាដើម៕