សម្តេចតេជោ ក្រើនរម្លឹកដល់ប្រជាពលរដ្ឋថែរក្សាសុវត្ថិភាពសុខភាពក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ ធ្នូ ២០២០) ៖  តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែធ្នូ នេះ បានបន្តក្រើនរម្លឹក ដល់ប្រជាពលរដ្ឋ ថែរក្សាសុវត្ថិភាពសុខភាពក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស( Christmas)។

សម្តេចតេជោ បានបញ្ចាក់ថា ដោយសារប្រទេសយើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រីស្ទបរិស័ទយើងមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមកេហដ្ឋានរៀងៗខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់។

សម្តេចបានជូនពរបងប្អូនគ្រីស្ទបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា.

ទន្ទឹមនឹងនេះ សម្តេចទទូចដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ ១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាត ដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះបងប្អូនកូនក្មួយដែលកំពុងធ្វើចត្តាឡីស័ក និងអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ផងដែរថា ថ្ងៃទី២៥ ខែធ្នូ នេះជាថ្ងៃបុណ្យគ្រីស្ទម៉ាស(Christmas) ដែលជាបុណ្យដ៏សំខាន់របស់បងប្អូនអ្នកគ្រីស្ទបរិស័ទ (Christian)៕

Related Articles

Back to top button
Close
Close