បាញ់​ទឹក​សម្លាប់​មេរោគ ឬ​អាល់កុល​លើ​សរីរាង្គ​មនុស្ស​​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់សុខភាព​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២២ ធ្នូ ២០២០) ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ការបាញ់សារធាតុ ឬទឹកសម្លាប់មេរោគ ឬអាល់កុល លើសរីរាង្គមនុស្សមិនអាចជួយ ប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបានថែមទៀត។

លោកស្រីបន្តថា លើកលែងតែការលាងសំអាតដៃ ដោយសាប៊ូ ជាមួយទឹកស្អាត ឬអាល់កុល ឬជែលដែលជាវិធានការសម្រាប់ការពារការចម្លងវីរុសកូវីដ-១៩។

លោកស្រីបញ្ជាក់បន្ថែមថា សារធាតុទាំងនេះអាចធ្វើឲ្យពុល ប្រសិនបើប៉ះមាត់ហើយលេបចូលទៅអាចធ្វើឲ្យរំខាន រមាស់ ឬរលាកអាល់ឡែកហ្ស៊ីស្បែក ធ្វើឲ្យខូចស្បែក និងភ្នែក របស់មនុស្ស។

ការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន គឺយោងតាមការពន្យល់ណែនាំរបស់ អង្គការសុខភាពពិភពលោក តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដែលបានបង្ហាញថា ការបាញ់អាល់កុល ឬថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ លើសរីរាង្គមនុស្ស មិនបានជួយដល់ការការពារខ្លួនលោកអ្នកប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡើយ និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពលោកអ្នក។

បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល, ថ្នាំសម្លាប់មេរោគឬសារធាតុសម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាងសម្អាតផ្ទៃទីកន្លែងណាមួយតែប៉ុណ្ណោះ។ ត្រូវចងចាំរក្សាសារធាតុក្លរីន ឬសារធាតុសម្លាប់មេរោគផ្សេងទៀតឲ្យឆ្ងាយ និងផុតពីដៃក្មេងប្រយ័ត្នគ្រោះថ្នាក់៕

 

Related Articles

Back to top button
Close
Close