ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ ចំនួន៧នាក់បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ ធ្នូ ២០២០) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន៧នាក់ត្រូវបានព្យាបាលជាសះស្បើយ (៥នាក់ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា) ហើយមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។
អ្នកជាសះស្បើយជំងឺកូវីដ១៩ ចំនួន៧នាក់នោះមាន៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសរួមមានដូចខាងក្រោម៖
១៖ កុមារាជនជាតិខ្មែរ អាយុ១២ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ជាកូនប្រុសរបស់ស្ត្រីអាយុ៣៦ឆ្នាំ និងជាចៅប្រុសរបស់អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ។
២៖ បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ជាអ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។
៣៖ បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាជំនួយការរបស់អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។
៤៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។
៥៖ បុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។
សូមកត់សម្គាល់ថា បុគ្គលទាំង៥នាក់ខាលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
៦៖ ស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ៦២ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានធ្វើដំណើរមកពីអាមេរិក មកដល់កម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
៧៖ បុរសជនជាតិអាមេរិកកាំង អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦២នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣១៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៣នាក់៕