ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ក្រសួងអប់រំនឹងបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឲ្យរៀនពេញលេញគ្រប់កម្រិត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ តុលា ២០២០) ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំមួយ ស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ (សាលារដ្ឋ) ក្នុងដំណាក់កាលទី៣ ដែលចាប់ផ្ដើមពីថ្ងៃទី០២ ខែវិច្ឆិកា រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
ក្នុងសេចក្ដីណែនាំ ក្រសួងអប់រំបានបញ្ជាក់ថា ការអនុវត្តឆមាសទី២ នៃឆ្នាំសិក្សា២០១៩-២០២០ គិតចាប់ពីថ្ងៃទី០៧ ខែកញ្ញា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
ក្រសួងអប់រំណែក៏បានណែនាំទៀតថា គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សា និងកន្លែងផ្ដល់សេវាអប់រំកុមារតូច ត្រូវបើកដំណើរការបង្រៀន និងរៀនពេញលេញគ្រប់កម្រិតថ្នាក់ ចំនួន៥ថ្ងៃក្នុងមួយសប្ដាហ៍ ដោយកំណត់ចំនួនកុមារ មិនលើសពី២៥នាក់ ក្នុងមួយថ្នាក់៕