គិតត្រឹមថ្ងៃទី២៦ ខែតុលានេះ អ្នកស្លាប់ដោយទឹកជំនន់ កើនដល់ ៤៣នាក់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៧ តុលា ២០២០) ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ បានកើនឡើងរហូតដល់ ៤៣នាក់។ ក្នុងនោះខេត្តបន្ទាយមានជ័យ មានរហូតដល់ទៅ ២៦នាក់។

តាមរបាយការណ៍ បានគូសបញ្ជាក់ថា ខេត្តដែលមានពលរដ្ឋស្លាប់ដោយសារគ្រោះទឹកជំនន់នេះ រួមមាន៖ បន្ទាយមានជ័យ ២៦នាក់, ពោធិ៍សាត់ ៦នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។

សូមបញ្ជាក់ថា ដើម្បីជាការចូលរួមរំលែកទុក្ខ និងដោះស្រាយការលំបាករបស់គ្រួសារសព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភគ្រួសារសព ក្នុងមួយសព ១០លានរៀល ហើយឧកញ៉ា ឡាវ ប៊ុនប៉ា ឧបត្ថម្ភ ៤លានរៀល។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់នេះ បានបង្កផលប៉ះពាល់រាជធានី-ខេត្ត ចំនួន២០ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

គ្រោះទឹកជំនន់នេះ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជិត ១៥ម៉ឺនគ្រួសារ ស្មើនឹងជិត ៦០ម៉ឺននាក់។ ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ស្មើនឹងជិត ៥ម៉ឺននាក់ ត្រូវបានជម្លៀស៕

 

 

 

 

Related Articles

Back to top button
Close
Close