ព្រឹកនេះសម្ដេចតេជោ ចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ ១ម៉ឺនគ្រួសារនៅស្រុកមង្គលបូរី

សារព័ត៌មាន​ Cambodia News/

បន្ទាយមានជ័យ (២១ តុលា ២០២០) ៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ១ម៉ឺនគ្រួសារ ​ហើយ​សម្តេចតេជោ នឹង​បន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺនគ្រួសារទៀតនៅ​ថ្ងៃទី២២ ខែតុលា ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងពីរគោលដៅ៖

ថ្ងៃទី២១ ខែតុលា គោលដៅទី១៖ បរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ថ្ងៃទី២២ ខែតុលា គោលដៅទី២៖ ផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

សូមរំលឹកថា នៅព្រឹកព្រលឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរតាមផ្លូវគោកឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ដោយសម្រាកនៅខេត្តសៀមរាបមួយរាត្រី ហើយបន្តទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាជនសរុបប្រមាណ២ម៉ឺនគ្រួសារ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង៕

Related Articles

Back to top button
Close
Close