ស្ពានកំពង់ល្វាស្រុកភ្នំក្រវាញបាក់រលំភ្លាមៗ ខណៈអ្នកធ្វើដំណើររៀបនឹងឆ្លងទៅត្រើយម្ខាង
សារព័ត៌មាន Cambodia News/
ពោធិ៍សាត់ (២៣ កញ្ញា ២០២០) ៖ ខណៈពេលដែលស្ពានកំពង់ល្វា ដែលជាប្រភេទស្ពានឈើ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានបាក់រលំទាំងស្រុង កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដែលធ្វើឲ្យបងប្អូនអ្នកធ្វើដំណើររៀបនឹងឆ្លងទៅត្រើយម្ខាង នាំគ្នារត់ចេញមកវិញសឹងតែមិនទាន់។
តាមរយៈវីដេអូដែលបងប្អូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើរថតបានៗ បង្ហាញឲ្យឃើញស្ពានឈើនោះបានបាក់រលំបន្តិចម្តងៗរហូតទាំងស្រុង ដោយសារតែស្ថានភាពទឹកហូរយ៉ាងគំហុក ដែលមិនអាចទ្រាំទ្របាន។ បើតាមការឲ្យដឹង ស្ពានឈើ១ខ្សែនេះ ត្រូវបានសាងសង់ឡើង ដោយក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកភ្នំក្រវាញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។
តាមរយៈហេតុការណ៍ដ៏ញាក់សាច់នេះផងដែរ យើងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលកំពុងធ្វើដំណើរឆ្លងកាត់នៅតំបន់ស្ពានដែលកំពុងប្រឈមនឹងហានិភ័យគ្រោះថ្នាក់ ពីគ្រោះធម្មជាតិទឹកជំនន់នេះ តួយ៉ាងដូចជាស្ពានឆ្លងកាត់អាងតា ម៉ុកជាដើម ដែលស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឃើញថានៅពេលនេះស្ថានភាពទឹកឡើងខ្លាំងជិតដល់កម្រិតប្រកាសអាសន្នហើយ៕ ដោយ៖ សហការី