លំនៅឋានស្តង់ដារជប៉ុននៅកម្ពុជា ចាប់ផ្តើមបើកលក់ក្នុងដំណាក់កាលទី២
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ កញ្ញា ២០២០) ៖ ក្រុមហ៊ុនអារ៉ាខាវ៉ា ដែលសាងសង់លំនៅឋានស្តង់ដារជប៉ុនទីមួយនៅក្នុងប្រទេសកម្ពុជា មានទីតាំងនៅកណ្តាលក្រុងភ្នំពេញ និងមានតម្លៃសមរម្យបានប្រកាសចាប់ផ្តើមបើកលក់ក្នុងដំណាក់ទី២ ចាប់ពីថ្ងៃនេះតទៅ ដើម្បីផ្ដល់ជូន ដល់ប្រជាជនកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) បានមានប្រសាសន៍ថា “លំនៅឋានបែបខុនដូរនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងឱ្យប្រជាជនកម្ពុជាដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋក្រីក្រ បើទោះជាពួកគាត់មានចំណូលទាបនិងមធ្យមក៏ដោយ ក៏អាចទិញលំនៅឋានខុនដូររបស់អារ៉ាខាវ៉ាបាន និង បានទទួលបទពិសោធន៍ជាម្ចាស់កម្មសិទ្ធិ និងរស់នៅសមរម្យ ក្នុងខុនដូរទំនើប កណ្តាល ទីក្រុងភ្នំពេញ” ។
លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ាបានគូសបញ្ជាក់ថា “យើងខិតខំធ្វើយ៉ាងណាដើម្បីបង្កើតលំនៅឋានមួយដ៏សមរម្យ ប្រកបដោយគុណភាព សុវត្ថិភាព សោភណភាព ផាសុកភាព គុណធម៌ និងបង្កើតឱ្យមានទម្លាប់រស់នៅក្នុងអគាររួម និងការថែទាំរួម”។ លោកបានបន្ថែមថា អតិថិជនដែលទិញយូនីតក្នុងលំនៅឋានអារ៉ាខាវ៉ានឹងទទួលបានប័ណ្ណកម្ម សិទ្ធិ “តកូនតចៅ” ។
ជាមួយគ្នានេះ Arakawa Residence ត្រូវបានអ្នកជំនាញវាយតម្លៃថាជាលំនៅឋានស្តង់ដារជប៉ុនទីមួយនៅកម្ពុជា ដែលបានក្លាយទៅជាគំរូនៃលំនៅឋាន ឬសំណង់អគារនានាដែលមានស្តង់ដារជប៉ុនពិតប្រាកដ ជាពិសេសបច្ចេកទេសសំណង់ ប្រព័ន្ធទឹកនិងលូ និងប្រព័ន្ធសុវត្ថិភាពការពារអគ្គិភ័យ ដើម្បីបញ្ចៀសនូវក្តីកង្វល់ដល់ម្ចាស់ផ្ទះដែលបានទិញរួច។
សូមបញ្ជាក់ថា Arakawa Residence ក៏ជាក្រុមហ៊ុនទីមួយនៅកម្ពុជាដែលប្រើទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងការសាងសង់ទាំងស្រុង ដោយមិនប្រើថវិការបស់អតិថិជនយកមកសាងសង់ ហើយក៏ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជាដែលអតិថិជនអាចទិញដោយពុំចាំបាច់បង់ប្រាក់កក់ ហើយអាចបង់រំលោះដោយមិនមានការប្រាក់ ពោលគឺអាចបង់ប្រាក់ប្រចាំខែចាប់ពី២៩៧ដុល្លារឡើងទៅ។
Arakawa Residence សាងសង់លើផ្ទៃដីជាង១.៣ ហិកតា មានសំណង់អគារសរុបចំនួន១៦ និងមានកំពស់២១ជាន់ស្មើៗគ្នា។ ក្នុងដំណាក់កាលទី១ដែលមានចំនួន១០អគារ នឹងត្រូវបញ្ចប់ជាស្ថាពរនៅខែធ្នូខាងមុខនេះ ហើយដំណាក់កាលទី២ ដែលមាន ចំនួន៦អគារ នឹងសាងសង់រួចនៅចុងខែមិថុនា ឆ្នាំ២០២២។
ចំពោះផ្ទះទាំងអស់បែរមុខ ទៅទិសខាងជើងនិងខាងត្បូងដើម្បីងាយស្រួលក្នុងការស្រូបយកពន្លឺនិងខ្យល់អាកាសគ្រប់រដូវកាល និងបញ្ចៀសកម្តៅដែលជួយសន្សំសំចៃដល់ការប្រើប្រាស់ម៉ាស៊ីន ត្រជាក់ និងអគ្គិសនី។ ទន្ទឹមនេះ Arakawa Residence ត្រូវបានរចនាឡើងសម្រាប់ពលរដ្ឋខ្មែរ ដែលមានសមាជិកគ្រួសារតិច ចង់បានលំនៅឋានប្រណិត មានបរិយាកាសល្អ តម្លៃសមរម្យ ស្ថិតនៅជាប់ផ្សារទឹកថ្លា ជាប់មន្ទីរពេទ្យអន្តរជាតិ ជិតសាលារៀននិងសាកលវិទ្យាល័យនានា និងនៅក្បែរផ្សារទំនើប ងាយស្រួលក្នុងការធ្វើដំណើរ ឬរកការងារធ្វើ។ ដោយឡែក សម្រាប់ពលរដ្ឋដែលមានចំណូលចាប់ពី៦០០ដុល្លារឡើងទៅ អាចទិញបានផ្ទះមួយ ជាប្រភេទស្ទូដីយោ ឬផ្ទះមានពីរបន្ទប់។
Arakawa Residence បានចាប់ផ្តើមសាងសង់នៅខែវិច្ឆិការ ឆ្នាំ២០១៧។ បច្ចុប្បន្ន លំនៅឋានអារ៉ាខាវ៉ា បានក្លាយជាទីតាំងដ៏សំខាន់មួយសម្រាប់និស្សិតសិក្សាផ្នែកសំណង់ស៊ីវិល ចុះមកសិក្សាឈ្វេងយល់ពីការអនុវត្តជាក់ស្តែង ពិសេសគម្រោងសំណង់ ធំៗបែបនេះ។
ក្រុមហ៊ុនអារ៉ាខាវ៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយវិនិយោគិនខ្មែរនិងជប៉ុន បន្ទាប់ពីទទួលបានជោគជ័យក្នុងការសាងសង់ និងដាក់ឱ្យ Arakawa ដំណើរការរួចមកហើយអាផាតមិនដែលមានឈ្មោះថា Bellevue Serviced Apartments នៅតំបន់ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។ លំនៅឋានអាខារ៉ាវ៉ា ក្នុងដំណាក់ទី១ដែលបានប្រកាសបើកលក់ចំនួន១,៦៨០ យូនីត កាលពីចុងឆ្នាំ២០១៩ ត្រូវបានអតិថិជនគាំទ្រយ៉ាងពេញទំហឹង និងបានទិញអស់មុនផែនការកំណត់ ហើយដំណាក់កាលទី២នេះ មានចំនួនតែ១,២៨០ យូនីតប៉ុណ្ណោះ។
លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) ដែលមានម្ចាស់ភាគហ៊ុនធំជាជនជាតិជប៉ុន បានចំណាយទុនវិនិយោគប្រមាណ៧០លានដុល្លារ ដើម្បីសាងសង់លំនៅឋានបែបប្រណិត មានគុណភាពខ្ពស់ មានសុវត្ថិភាព ផ្តល់ភាពងាយស្រួល និងមានបរិស្ថានល្អសម្រាប់ពលរដ្ឋខ្មែរដែលមានចំណូលទាបនិងមធ្យម ហើយមានបំណងចង់រស់នៅផ្ទះបែបស៊ីវីល័យ ថ្លៃថ្នូរនៅកណ្តាលក្រុងភ្នំពេញ៕ ដោយ ៖ ហេង សម្បិត្ត