ថ្ងៃនេះ មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីទេ ហើយក៏មិនមានអ្នកជាសះស្បើយដែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ សីហា ២០២០) ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ហើយក៏មិនមានករណីព្យាបាលជាសះស្បើយដែរ ខណៈអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅសល់៩នាក់ដដែល។
គិតមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ មានរយៈពេល១៣ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលប្រកាសថា កម្ពុជាមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មី ពោលគឺចាប់ពីតាំងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០មក។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា រកឃើញអ្នកមានវីរុស កូវីដ-១៩ មានចំនួនសរុប២៧៣នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៦៤នាក់ (ស្រី ៥៤នាក់ និងបុរស២០៩នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន៩នាក់៕