តេហេរ៉ង់​​ផ្តល់​​សព្វាវុធ​​យ៉ាងច្រើន​​ឲ្យ​​ស៊ីរី​​ដោយ​​ឆ្លងកាត់​​តាម​​អ៊ីរ៉ាក់​​

ប្រទេសអ៊ីរ៉ង់បានប្រើអាកាសចរណ៍ ស៊ីវិលសម្រាប់ធ្វើការដឹកជញ្ជូនយោធានិងសព្វា វុធយ៉ាងច្រើនឲ្យទៅ ប្រទេសស៊ីរី ដោយឆ្លងកាត់តាមដែនអាកាសនៃប្រទេស អ៊ីរ៉ាក់ ដើម្បីជួយគាំទ្ររបប គ្រប់គ្រងបាស្ហារអាល-អាស្សាដក្នុងការវាយបង្ក្រាប ក្រុមបះបោរស៊ីរី។ នេះបើយោងតាមរបាយការណ៍នៃក្រសួងយកការណ៍លោកខាង លិច។

សហរដ្ឋអាមេរិកតែងចោទសួរជានិច្ចអាជ្ញាធរអ៊ីរ៉ាក់ស្តីពី ដំណើរហោះហើរនៃ យន្តហោះ អ៊ីរ៉ង់ ដែលគេសង្ស័យថាមានដឹកជញ្ជូនសព្វាវុធផ្តល់ឲ្យរបបគ្រប់ គ្រងស៊ីរី ដោយធ្វើការឆ្លងកាត់តាមដែនអាកាសរបស់ប្រទេសអ៊ីរ៉ាក់។ មកទល់ពេល នេះ ទីក្រុងបាកដាដតែងថ្លែងប្រាប់ថា គេមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូន សព្វាវុធ ផ្តល់ឲ្យស៊ីរីដោយប្រើ ដែនអាកាសអ៊ីរ៉ាក់ឡើយ។

ក៏ប៉ុន្តែ បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា មានសព្វាវុធ អ៊ីរ៉ង់ជាច្រើនបានត្រូវគេដឹកជញ្ជូនផ្តល់ឲ្យ របបគ្រប់គ្រងស៊ីរី ដោយឆ្លងកាត់តាម ដែនអាកាសរបស់ប្រទេសអ៊ីរ៉ាក់ ហើយការដឹកជញ្ជូនទាំងនេះ បានត្រូវរៀបចំដោយ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់។

ទីក្រុងតេហេរ៉ង់ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងដាម៉ាស តែងបានត្រូវ គេចោទថា ជាអ្នកបានផ្តល់សព្វាវុធឲ្យ របបគ្រប់គ្រងបាស្ហារអាល-អាស្សាដ ក្នុងការវាយបង្ក្រាបក្រុមបះបោរ ស៊ីរី។ ក៏ប៉ុន្តែសកម្មភាពផ្តល់សព្វាវុធរបស់ អ៊ីរ៉ង់នេះ មានលក្ខណៈធ្ងន់ធ្ងរជាងការប្រមាណទុក ដោយសារតែមានកិច្ចព្រម ព្រៀងរវាងអ្នកទទួលខុសត្រូវជាន់ខ្ពស់អ៊ីរ៉ាក់ និងអ៊ីរ៉ង់។

“មានយន្តហោះជាច្រើនគ្រឿងបានធ្វើការហោះហើរសឹងតែរាល់ថ្ងៃពីប្រទេស អ៊ីរ៉ង់ទៅកាន់ប្រទេសស៊ីរី ដោយឆ្លងកាត់តាមដែនអាកាសនៃប្រទេសអ៊ីរ៉ាក់ និង ដោយផ្ទុកទៅជាមួយនូវឆ្មាំបដិបត្តន៍អ៊ីរ៉ង់ ហើយនិងសព្វាវុធរាប់សិបតោន ផ្តល់ទៅឲ្យកងកម្លាំងរក្សាសន្តិសុខស៊ីរី ដើម្បីវាយបង្ក្រាបក្រុមប្រឆាំងបះ បោរស៊ីរី”។ នេះបើយោងតាមប្រភពការទូតនៃអ.ស.ប.។

ទីក្រុងបាកដាដវិញបានបដិសេធច្រានចោលការចោទប្រកាន់នេះ។“លោកនាយក រដ្ឋមន្ត្រីអ៊ីរ៉ាក់តែងតែជំរុញឲ្យមានការរិះរកដំណោះស្រាយ វិបត្តិស៊ីរីដោយ ប្រើសន្តិវិធី ហើយនិងហាមឃាត់ពុំឲ្យមានការជ្រាតជ្រែកពីសំណាក់ប្រទេសដទៃចូល ក្នុង ”។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Ali al Moussaoui ទីប្រឹក្សានៃ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់។

រីឯសារព័ត៌មានអ៊ីរ៉ង់ជាច្រើនបានឲ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា “អគ្គ បញ្ជាការនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Ali Jafari បានទទួលស្គាល់ថា មានសមាជិក នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានផ្តល់ជំនួយមិនមែន យោធាឲ្យទៅប្រទេស ស៊ីរីនិងប្រទេសលីបង់ ហើយទីក្រុងតេហេរ៉ង់នឹងរួបរួមគាំទ្រតាមផ្លូវយោធា របបគ្រប់ គ្រងបាស្ហារអាល-អាស្សាដ បើប្រសិនជាមានការវាយលុកពីសំណាក់បច្ចាមិត្ត។ ក៏ប៉ុន្តែក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធព័ត៌មានខាងលើនេះ។

គួរបញ្ជាក់ថា យន្តហោះ Boeing 747 អ៊ីរ៉ង់ពីរគ្រឿងបានត្រូវគេចារនៅក្នុង របាយការណ៍នៃក្រសួងយកការណ៍ លោកខាងលិចថា មានជាប់ពាក់ព័ន្ធក្នុងការដឹក ជញ្ជូនសព្វាវុធផ្តល់ឲ្យប្រទេសស៊ីរី។ យន្តហោះទាំងនេះត្រូវទទួលរងទណ្ឌ កម្មពីក្រសួងហិរញ្ញវត្ថុអាមេរិក។

ក្រសួងហិរញ្ញវត្ថុអាមេរិកបានចារដាក់នៅក្នុងបញ្ជីខ្មៅនូវឈ្មោះក្រុមហ៊ុន អាកាសចរណ៍អ៊ីរ៉ង់ Yas Air ដែលបានដឹកជញ្ជូនសព្វាវុធផ្តល់ឲ្យទីក្រុង ដាម៉ាស ។ ហើយគណៈកម្មាធិការជំនាញមួយរបស់អ.ស.ប. ដែលមានបន្ទុកត្រួតពិនិត្យការ អនុវត្តន៍ទណ្ឌកម្មដាក់ទៅលើទីក្រុង តេហេរ៉ង់ បានថ្លែងប្រាប់ជាច្រើនលើកថា Yas Air និង Iran Air ធ្លាប់បានដឹកជញ្ជូនសព្វាវុធឲ្យទៅប្រទេសស៊ីរី។ គណៈកម្មា ធិការជំនាញមួយនេះ ក៏ធ្លាប់បានថ្លែងប្រាប់ទៀតថា អ៊ីរ៉ង់ធ្លាប់បានបញ្ជូន សព្វាវុធឲ្យទៅប្រទេសស៊ីរីដោយឆ្លងកាត់តាម ប្រទេសតួកគីផងដែរ។

សូមបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់គ្មានសិទ្ធិលក់សព្វាវុធឲ្យទៅប្រទេសដទៃទៀត ឡើយ ដោយហេតុតែមានបំរ៉ាមហាមឃាត់ពីសំណាក់អ.ស.ប. ពាក់ព័ន្ធនឹងទណ្ឌ កម្មអន្តរជាតិដែលបានដាក់ទៅលើកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេហេរ៉ង់៕ ដោយ សៀក សារិន (RFI)

Related Articles

Back to top button
Close
Close