បារាំងរៀបចំទំព័រនយោបាយថ្មី ជាមួយក្រុមប្រឹក្សាជាតិស៊ីរី
ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ បានទទួលជួបនៅវិមានអេលីហ្សេ ក្រុមប្រតិភូក្រុមប្រឹក្សាជាតិស៊ីរី នៅរសៀលថ្ងៃអង្គារទី២១សីហាម្សិលមិញ។ ក្នុង ឱកាសនោះ លោកប្រធានាធិបតី បានលើកឡើងពីផែនការរៀបចំប្រទេសស៊ីរី ដោយគ្មានលោក បាស្ហារ អែល-អាសាដ និងការបង្កើតរដ្ឋាភិបាលស៊ីរីថ្មី។
លោក ហ្វ្រង់ស័រ ហូឡង់ បានអបអរសាទរការងាររបស់ក្រុមប្រឹក្សាជាតិស៊ីរី ដែលជា តំណាងបក្សប្រឆាំងនឹងរបបដឹកនាំផ្តាច់ការ បាស្ហារ អែល-អាសាដ និងបានសម្តែង ក្តីសង្ឃឹមថា នឹងបានឃើញក្រុមប្រឹក្សាជាតិ ប្រមូលផ្តុំគ្រប់ចលនាប្រឆាំង ឱ្យក្លាយ ជាធ្លុងមួយ។
ចំណែកក្រុមប្រឹក្សាជាតិស៊ីរីវិញ កំពុងសិក្សាលើការបង្កើតរដ្ឋាភិបាលអន្តរកាល ដែលមានសមាជិកមកពីគ្រប់និន្នាការ។ “បាស្ហារ អែល-អាសាដ ជានិមិត្តរូបនៃការ ដឹកនាំប្រទេស ដោយបក្សពួកមួយក្តាប់តូច។ ទម្លាក់ក្រុមនេះពីអំណាចគឺជាបិទ បញ្ចប់ការសម្លាប់រង្គាល។ ក្រុមប្រឹក្សាជាតិស៊ីរី កំពុងសិក្សាបង្កើតរដ្ឋាភិបាលថ្មី បណ្តោះអាសន្ន។មិនមែនជាការអនុគ្រោះយោគយល់ដល់ក្រុមណាមួយឡើយ គ្រប់ ក្រុមជាតិពិន្ធុភាគតិច សាសនា នឹងត្រូវបញ្ចូលជាសមាជិករដ្ឋាភិបាលអន្តរកាល ទាំងអស់ ដើម្បីនាំស៊ីរីឱ្យក្លាយជាប្រទេសប្រជាធិបតេយ្យ មានចម្រុះសាសនា និង និកាយជាតិសាសន៍”។ នេះជាបើតាមប្រធានក្រុមប្រឹក្សាជាតិស៊ីរី អាដែល បាសេត សាយដា ដែលបានអះអាងបន្ថែមទៀតថា ការបង្កើតរដ្ឋាភិបាលថ្មី មិនត្រូវបាន ប្រកាសភ្លាមៗទេ ព្រោះត្រូវការពិគ្រោះពិភាក្សាច្រើនទៀត ដោយសន្សឹមៗ និងមិន បង្ខំ។សំខាន់បំផុត ត្រូវបង្កើតរដ្ឋាភិបាលនៅក្នុងប្រទេសមិនមែននៅក្រៅ ជារដ្ឋា ភិបាលនិរទេសទេ៕ដោយ អៀង សុខម៉ិញ (RFI)