សម្តេច ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិការពារសន្តិភាពកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា ដើម្បីកុំឲ្យរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ ប្រជាពលរដ្ឋខ្មែរ ត្រូវចូលរួមថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្ស ព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី២០ ខែឧសភា គណបក្សប្រជាជនកម្ពុជា តែងតែធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធប្រជាជនកម្ពុជា ដែលបានស្លាប់ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេស គឺជាការធ្វើបុណ្យដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងនោះផងដែរ។ ប៉ុន្តែដោយសារ បញ្ហារាតត្បាតនៃជំងឺកូវីដ១៩ (COVID-19) នៅឆ្នាំ២០២០នេះពិធីនេះ ត្រូវបានផ្អាករៀបចំ៕

Related Articles

Back to top button
Close
Close