សម្តេចតេជោ ហ៊ុន សែន គាំទ្រចំពោះការពន្យាបើកសាលារៀនឡើងវិញនៅពេលនេះ
សារព័ត៌មាន Cambodia News/
ក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ១៥ ខែឧសភា ២០២០ សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ១៥ ខែឧសភានេះបានគាំទ្រចំពោះការពន្យាការបើកសាលារៀនឡើងវិញនៅពេលនេះ ព្រោះប្រសិនជាមេរោគនេះចូលទៅក្នុសាលាវាស្មើនឹងការរាតត្បាតទៅក្នុងសហគមន៍។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖«ជាពិសេសការស្នើសុំបើកសាលាឡើងវិញយើងមិនគួរប្រញ៉ាប់ប្រញាលធ្វើទេ ខ្ញុំបានពិភាក្សាជាមួយលោក ហង់ជួន ណារុន ដើម្បីពន្យាការបើកសាលា ឲ្យតែជីវិតយើងនៅគង់វង្សសិន បើសិនជាវាចូលទៅក្នុងសាលាវាស្មើការរីករាលដាលសហគមន៍តែប៉ុណ្ណោះ» ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងកោតសរសើរចំពោះគ្រប់ស្ថាប័នទាំងអស់ក៏ដូចជាថ្នាក់មូលដ្ឋានសម្រាប់ការប្រឹងប្រែង ប្រយុទ្ធទប់ស្កាត់នឹងការរីកដាលកូវីដ១៩ ប្រកបដោយជោគជ័យ ។
ជាមួយនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏នៅតែបន្តជំរុញឲ្យស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ខិតខំបន្តធ្វើកិច្ចការងារនេះទៀតមិនត្រូវមើលស្រាលទៅលើបញ្ហានេះទេ ទោះបីមិនមានការឆ្លងក្នុងរយៈពេលជាងមួយខែនេះមិនមានករណីឆ្លងថ្មីក៏ដោយ ។
សម្តេចបានសុំឲ្យអាណាព្យាបាល មាតា បិតា សុំមានការយោគយល់អំពីបញ្ហានេះព្រោះការរីករាលដាលជាសហគមន៍វាគឺជាគ្រោះមហន្តរាយដ៏ធំមួយសម្រាប់ប្រទេសរបស់យើង ៕