សម្តេចតេជោ នឹងយកសាលារៀនតាមខេត្តមួយចំនួនធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺផ្ទុកវីរុស Covid-19
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ មីនា ២០២០) ៖ យោងតាមសារសំឡេង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ជូនថ្នាក់ដឹកនាំជាពិសេសគឺ អភិបាលខេត្ត ដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរៀបចំ និងដោះស្រាយបន្ទាន់ ដោយជ្រើសរើសសាលារៀនដែលសមស្រប តាមខេត្តមួយចំនួនធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺផ្ទុកវីរុស Covid-19
សម្តេចតេជោបានថ្លែងថា អ្នកជំងឺកន្លែងខ្លះ មានការកើនឡើង ដូចជានៅខេត្តព្រះសីហនុជាដើម អញ្ចឹងបើកើនឡើងរបៀបនេះ ធ្វើឱ្យកន្លែងដែលទទួល មិនគ្រប់គ្រាន់។ សម្តេច បានពិភាក្សាជាមួយនឹងលោក ម៉ម ប៊ុនហេង ដោយត្រូវប្រើប្រាស់សាលារៀន ហើយខ្លះមានអ្នកជូនយោបល់ទៅសម្តចថា ឱ្យយកកុងទីន័រ មកកែច្នៃធ្វើជាបន្ទប់ ប៉ុន្តែវាមិនល្អនោះទេ។
ដូច្នេះសម្តេចសម្រេច តម្រូវឱ្យប្រើប្រាស់សាលារៀន ហើយសាលារៀនដែលបានធ្វើកន្លងមកគឺស្អាតៗ នៅទីរួមខេត្ត និងកន្លែងមួយចំនួនទៀត។ អ្វីដែលជាបញ្ហាបន្ទាន់នោះ គឺត្រូវជ្រើសរើសទីតាំងណាមួយឬពីរ ក្នុងខេត្តមួយ ហើយរៀបចំប្រព័ន្ធទឹក ភ្លើង ចូលឱ្យដល់ជាបន្ទាន់ ដែលនេះជាកិច្ចការបន្ទាន់នៅតាមខេត្តត្រូវយកចិត្តទុកដាក់។
សម្តេតេជោ បានបញ្ជាក់ថា រាជធានីភ្នំពេញ មិនមានចោទជាបញ្ហាទេ ដោយសារមានមន្ទីរពេទ្យរុស្ស៊ី ហើយអគារនៅចាក់អង្រែជាដើម ហើយក្រៅពីនោះ នៅមន្ទីរពេទ្យយោធា និងអតីតសណ្ឋា គារអាំងទែកុងទីណង់តាល់។
ប៉ុន្តែអ្វីដែលជាចំណោទ គឺនៅតាមបណ្តាខេត្ត ដែលត្រូវធ្វើបន្ទាន់និងដោះស្រាយ ដោយត្រូវជ្រើសរើសសាលារៀនដែលកំពុងតែបិទ គឺមានច្រើនបន្ទប់ រៀបចំបន្ទប់ រៀបចំគ្រែ ដើម្បីដំណើរការតែម្តង ដោយប្រើប្រាស់កម្លាំងសរុប ដែលអាចយកទាំងកម្លាំងប៉ូលីស កម្លាំងទាហាន និងប៉េអឹម ដើម្បីយកមកជួយការងារនេះ។
សម្តេចបានណែនាំឱ្យសម្រុកដោះស្រាយបញ្ហាតភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ចូលទៅក្នុងសាលាតែម្តង ហើយរៀបចំគ្រែ ដោះស្រាយគ្រែ ដើម្បីដាក់សម្រាប់ទទួលអ្នកជំងឺដែលត្រូវមានការចំបាច់ ដែលនេះជាវិធីដែលដោះស្រាយបន្ទាន់ ហើយមានអគារស្រាប់ទាំងអស់ មិនចាំបាច់ដូចនៅប្រទេស ចិន ដែលគេកសាងអគារភ្លាមៗនោះទេ។
លើសពីនេះសម្តេចតេជោ ក៏បានស្នើដល់អភិបាលខេត្ត និងថ្នាក់ដឹកនាំទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីបញ្ហានេះ ព្រោះដើម្បីជៀសវាងនៅពេលមានអ្នកជំងឺច្រើនដែលមិនអាចរកកន្លែងដាក់បាន តែបានត្រៀមបម្រុងទុករួចហើយ ដោយសម្តេច តម្រូវឱ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួង គឺចូលរួមផ្តល់មតិបន្ថែមទៅឱ្យសុខាភិបាលខេត្ត រួមជាមួយនឹងគណៈអភិបាល ដើម្បីពិនិត្យទៅគួរយកកន្លែងណាដែលសមស្រប៕