ក្លិបអ្នកកាសែតកម្ពុជារៀបចំកិច្ចពិភាក្សាក្រោមប្រធានបទ “សារព័ត៌មាន ៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ ”
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ មីនា ២០២០) ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំកិច្ចពិភាក្សាមួយនៅភោជនីយដ្ឋានទន្លេបាសាក់២ ស្តីពី «សារព័ត៌មាន ចំពោះមុខ Covid-19 និងព័ត៌មានក្លែងក្លាយ» ដែលមានការ អញ្ជើញចូលរួមពី ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ព្រមទាំងបណ្តាអ្នកសារព័ត៌មានជាតិមកពីស្ថានប័នផ្សេងៗ។
ដោយយល់ឃើញថា បច្ចុប្បន្ននេះព័ត៌មានទាក់ទងនឹង
COVID-19 បាននិងកំពុងក្លាយជាប្រធានបទក្តៅមួយក្នុងចំណោមព័ត៌មានទូទៅ ដែលត្រូវផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺព័ត៌មានក្លែងក្លាយ ឬមិនច្បាស់លាស់ទាក់ទងនឹង COVID-19 ក៏ត្រូវបានផ្សព្វផ្សាយព្រោងពា្រតតាមបណ្តាញសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងបង្កការភ័យខ្លាច។
ក្នុងបរិបទបែបនេះក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា ការបើកកិច្ចពិភាក្សាក្រោមប្រធានបទដូចបានលើកឡើងខាងលើ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មានដើម្បីទទួលបានព័ត៌មានពិតផ្សព្វផ្សាយដល់សាធារណជនក៏ដូចជាចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 និងប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ។
កិច្ចពិភាក្សាខាងលើនេះជាឱកាសដែលអ្នកសារព័ត៌មានអាចលើកជាសំណួរទៅកាន់វាគ្មិនជំនាញដើម្បីបកស្រាយរាល់ចម្ងល់ផ្សេងៗទាក់ទងស្ថានភាពទូទៅនៃ COVID-19 ដើម្បីយកទៅផ្សព្វផ្សាយដល់សាធារណជនឲ្យបានច្បាស់លាស់៕