ប្រឈមខ្លាំង មួយថ្ងៃទទួលទានភេសជ្ជៈផ្អែម ១ កំប៉ុង ឬ លើសពី ១កំប៉ុង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ កុម្ភៈ ២០២០) ៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានមានប្រសាសន៍អំពីហានិភ័យចំពោះសុខភាពអ្នកដែលទទួលទានភេសជ្ជៈផ្អែមថា មនុស្សចាស់ដែលទទួលទានភេសជ្ជៈផ្អែមក្នុង ១ ថ្ងៃ ១ កំប៉ុង ឬ លើសពី ១ កំប៉ុង ចំណែកកុមារក្រោមអាយុក្រោម ១២ ឆ្នាំ ទទួលទានភេសជ្ជៈផ្អែមក្នុង ១ ថ្ងៃលើសពីកន្លះកំប៉ុង ដែលមានចំណុះ ៣៣០ មិលី្លលីត្រ អាចប្រឈមមុខខ្ពស់នឹងហានិភ័យនាំឱ្យមានបញ្ហាធ្ងន់ធ្ងរដល់សុខភាព។
ប្រឈមមុខខ្ពស់នឹងហានិភ័យនាំឱ្យមានបញ្ហាធ្ងន់ធ្ងរដល់សុខភាព ៖ ដូចជានាំឱ្យមានជំងឺធាត់ លើសគីឡូ ពុកធ្មេញ ឬ ដង្កូវស៊ីធ្មេញ ហើយកាន់តែអាក្រក់ទៀតនោះ គឺនៅរយៈពេលយូរឆ្នាំបន្តិចទៅ វានឹងនាំឱ្យគេកើតជំងឺទឹកនោមផ្អែម ហើយកាលណាមានជំងឺទឹកនោមផ្អែម វានឹងនាំមកជាមួយនូវជំងឺកាចៗដទៃទៀត ដូចជាជំងឺសរសៃឈាម ជំងឺបេះដូង អាចឲ្យគាំងបេះដូង ឲ្យស្លាប់មួយចំហៀងខ្លួន និងជំងឺមហារីក ជាដើម ។
ក្រសួងសុខាភិបាល បានណែនាំផងដែរថា ដើម្បីសុខភាព កាត់បន្ថយការប្រើប្រាស់ជាតិផ្អែម បង្កើនលំហាត់ប្រាណ ជម្រើសល្អដើម្បីសុខភាព ហូបទឹកស្អាត ទឹកដាំពុះ ឬភេសជ្ជៈ ដែលមិនមានជាតិផ្អែម បើអ្នកផឹកភេសជ្ជៈផ្អែម មានហ្គាស ចំណុះ៣៣០មិលី្លលីត្រ អ្នកត្រូវដើរចម្ងាយផ្លូវប្រហែល ៣ គីឡូម៉ែត្រ ដើម្បីដុតបំផ្លាតថាមពល ១៣៥ កាឡូរី ពីភេសជ្ជៈដែលអ្នកបានផឹកនោះ ៕