បុរស​ម្នាក់​​ត្រូវ​ជនដៃដល់កាប់សម្លាប់​ សមត្ថកិច្ច​​ដាក់​ការសង្ស័យ​ទៅ​លើ​ម្តាយបង្កើត និង​ប្រពន្ធ​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២៤ កុម្ភៈ ២០២០) ៖ បុរស​ម្នាក់​ត្រូវ បាន​ជនដៃដល់ដែល ​សមត្ថកិច្ច​ជំនាញ បានដាក់​ការសង្ស័យ​ទៅ​លើ​ម្តាយបង្កើត និង​ប្រពន្ធ​​ជា​អ្នក​កាប់សម្លាប់​ស្លាប់ នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅក្នុងផ្ទះ​លក់​ចាប់​ហ៊ួ​យ​មួយកន្លែង​ ស្ថិតនៅ​ក្រុម​២ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ កង សុខុម អាយុ ៣២​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​៣ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ឯមាន​ប្រពន្ធ​ឈ្មោះ ភឿ​ក អាយុ ២២​ឆ្នាំ មុខរបរ លក់​ចាប់​ហ៊ួ​យ ចំណែក​ម្តាយបង្កើត​មានឈ្មោះ ហាស់ សុភាព អាយុ ៥៩​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា ។​

​​ប្រភពព័ត៌មាន​ពី​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃកើតហេតុ ប្រពន្ធ​​ និង​ម្តាយបង្កើត បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ជនរងគ្រោះ​​លុះ​មួយសន្ទុះ​ក្រោយមក ម្តាយបង្កើត​ព្រមទាំង​ប្រពន្ធ​ជនរងគ្រោះ បាន​យក​សោ​ផ្ទះ​ផ្ញើ​អ្នកជិតខាង ហើយ​ផ្តាំ​ថា ទុក​សោ​ឲ្យ​ឈ្មោះ​កង សុវណ្ណ​រ៉ា ដែល​ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ​ផង និង​ផ្តាំ​ថា ឲ្យ​ឪពុក​វា​ជួយ​ធ្វើបុណ្យ​ឲ្យ​វា​ផង វា​ស្លាប់​ហើយ​។​

​ដោយ​អ្នកជិតខាង​មានការ​សង្ស័យ ក៏​ចូលទៅ​អើតមើល ស្រាប់តែ​ឃើញ​ឈ្មោះ កង សុខុម ដេកស្លាប់​ក្នុង​ថ្លុកឈាម​បាត់ទៅហើយ​ ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣ ចុះមក​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ទៅលើ​សព​ជនរងគ្រោះ ហើយ សមត្ថកិច្ច​ជំនាញ​បញ្ជាក់ថា សព​បុរស​ខាងលើ​ពិតជា​ត្រូវបាន​ឃាតករ​កាប់សម្លាប់ ពិតប្រាកដ​មែន ។​

សមត្ថកិច្ច​ជំនាញ បានដាក់​ការសង្ស័យ​ទៅលើ​ម្តាយបង្កើត និង​ប្រពន្ធ​ជនរងគ្រោះ ជា​អ្នក​កាប់សម្លាប់ ខណៈ​ពួកគេ​ទាំង​២​នាក់​រត់គេចខ្លួន​បាត់​ហើយ​។​ ​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ និង​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ កំពុងតែ​បើក​ការស្រាវជ្រាវ​វែកមុខ​ចាប់​ឃាតក ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕​​

 

Related Articles

Back to top button
Close
Close