សម្តេចតេជោ ៖ សន្តិភាព រកបានដោយលំបាកបំផុត ហេតុនេះត្រូវតែការពារឱ្យគង់វង្សយូរអង្វែង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ មករា ២០២០) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តលើកឡើងពីលើប្រធានបទសន្តិភាពនៅក្នុងប្រទេសកម្ពុជា ជាមួយការបង្ហោះរូបភាពមួយសន្លឹកក្នុងពេលកម្ពុជាស្ថិតក្នុងស្ថានភាពដ៏លំបាកក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្តេចតេជោ ដែលជាមេដឹកនាំនឹងបានពលីកម្មយ៉ាងធំធេង ដើម្បីបុព្វហេតុសន្តិភាពនៅកម្ពុជា បានលើកឡើងថា សន្តិភាព ដែលជនរួមជាតិកម្ពុជា ខិតខំរកបានដោយលំបាកបំផុត ត្រូវតែការពារឱ្យនៅឋិតថេរគង់វង្សយូរអង្វែង ដោយសម្តេចតេជោ បានអរគុណដល់ជនរួមឈាមទាំងអស់ ដែលបានលះបង់គ្រប់យ៉ាងដេីម្បីបុព្វហេតុសន្តិភាព។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែក្លាយជាផេះផង់ដោយសារតែវិបត្តិនៃភ្លើងសង្គ្រាម ក្នុងរយៈពេលពេលប្រមាណជា ៣ទសវត្សរ៍ រាប់ចាប់ពីចុងទសវត្សរ៍៦០ រហូតដល់ឆ្នាំ១៩៩៨។ ក្រោយឆ្នាំ១៩៩៨ ជាពេលវេលាដែលកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ បន្ទាប់ពីនយោបាយឈ្នះឈ្នះ បានវាយផ្តួលរំលំទាំងស្រុងនូវចលនាតស៊ូរបស់ខ្មែរក្រហម។