រដ្ឋមន្រ្តីក្រសួងព័ត៌មានឆ្លើយតបអ្នកកាសែតស្រីម្នាក់ ដែល​មាន​គណនេយ្យហ្វេសប៊ុក «Ly Na»​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៧ មករា ២០២០) ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម​ ខៀវ កាញារីទ្ធបានពន្យល់ និងតបតនៅលើហ្វេសប៊ុកទៅកាន់អ្នកកាសែតស្រីម្នាក់ដែលបានរិះគន់ក្នុងកម្មពិធីការ​​ជួបជុំរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន​ជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤​មករា​ ២០២០ ថា មូលហេតុដែលមិនមានរៀបចំឱ្យលើកសំណួរនៅក្នុងនេះ ព្រោះកង្វល់ និងសំណើរបស់អ្នកព័ត៌មានត្រូវបានលើកជារួមតាមរយៈរូបលោក។

ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់ថា នៅមុនពេលជួបជារៀងរាល់ឆ្នាំសមាគមអ្នកកាសែត តែងពិគ្រោះគ្នាលើកពីចំណុចដែលត្រូវដាក់ជូននាយករដ្ឋមន្ត្រីសម្រេច ហើយក្រសួងព័ត៌មានពិនិត្យពីចំណុចណាដែលគួរដាក់ដើម្បីសម្តេចនាយករដ្ឋមន្ត្រីសម្រេចជាគោលការណ៍។ បញ្ហានោះ គឺនិយាយជារួម មិននិយាយចំពោះតែបុគ្គលអ្នកសារព័ត៌មាននោះឡើយ។

តាមរយៈគណនេយ្យហ្វេសប៊ុក «Ly Na» បានរៀបរាប់ពីទុកលំបាករបស់ខ្លួនពេលចុះទៅយកព័ត៌មានថា ពេលខ្លួនចុះយកព័ត៌មានក្នុងករណីជម្លោះដីធ្លី គឺត្រូវបានក្រុមឈ្មួញ ដែលត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចរឹតត្បិត និងគំរាញកំហែងជាដើម។ អ្នកសារព័ត៌មានរូបថែមទាំងលើកឡើងទៀតថា បើគ្រាន់តែចូលទៅស្តាប់សម្តេចតេជោនាយករដ្ឋមន្ត្រី និងហូបអាហារ កញ្ញានឹងមិនចូលរួមនោះឡើយនៅក្នុងជំនួបក្រោយៗទៀត។

ឯកឧត្តម​ ខៀវ កាញារីទ្ធ បន្តថា នៅក្នុងឆ្នាំនេះ បញ្ហាដែលលើកឡើង គឺកិច្ចការពារអ្នកកាសែតនៅចំពោះមុខច្បាប់ និងសំណូមពរអ្នកកាសែតចង់មានប្រព័ន្ធសន្តិសុខសង្គមនៅពេលពួកគេមានជំងឺដង្កាត់ផ្សេងៗ។ តែដោយប្រព័ន្ធបេឡាជាតិរបបសន្តិសុខសង្គម មាននីតិវិធីច្បាស់លាស់ហើយ ក្រសួងមានគម្រោងបើកសិក្ខាសាលាមួយជូនអ្នកកាសែតដោយអញ្ជើញតំណាងក្រសួងសង្គមកិច្ចមកពន្យល់ ហេតុនេះនៅសល់តែរឿងការពារអ្នកកាសែតនៅចំពោះការប្តឹងផ្តល់នានា៕

Related Articles

Back to top button
Close
Close