វិធីថ្មី សម្លាប់​ប៉ូលីស​ណា​ដែល​ស្ថិត​នៅ​ខាង​រដ្ឋអំណាច​រុស្ស៊ី

នេះជាសេចក្តីថ្លែងការណ៍ធ្វើដោយលោក ប្រធានាធិបតីសាធារណរដ្ឋ Ingouchie ចំណុះសហព័ន្ធរុស្ស៊ី ជាទីដែលថ្ងៃទី ១៩ សីហាម្សិលមិញ ភេរវជនអត្តឃាតបានបំផ្ទុះគ្រាប់បែកផ្តាច់ជីវិតប៉ូលីសអស់៧នាក់។ ឧទ្ទិសដល់សោកនាដកម្មនេះ ខេត្ត Ingouchie ប្រកាសកាន់ទុក្ខ ៣ថ្ងៃ គឺរហូតដល់ថ្ងៃទី២២ សីហា។

គួររំលឹកថា សាធារណរដ្ឋ Ingouchie ក្នុងឋានៈជាខេត្តមួយចំណុះសហព័ន្ធរុស្ស៊ី ស្ថិតនៅតំបន់ភ្នំកូកាស ចម្ងាយប្រមាណ ១.៧៥០គ.ម. ខាងត្បូងពីរដ្ឋធានីម៉ូស្គូ។ ក្នុងចំណោមបណ្តាជនខេត្តនោះ ប្រមាណកន្លះលាននាក់ ដែលកាន់សាសនា អ៊ីស្លាម មានមិនតិចទេ ពួកឧទ្ទាមដែលពី ១ពេល ទៅ ១ពេល រមែងប្រព្រឹត្តអំពើភេរវកម្មសងសឹកអាជ្ញាធរនៅទីនោះ ដែលអនុវត្តតាមបន្ទាត់នយោបាយណែនាំដោយម៉ូស្គូខាងរក្សាទុកបូរណភាព ដែនដីសហព័ន្ធរុស្ស៊ី ពោលគឺបង្ក្រាបឲ្យ លឹបទៅ ចលនាផ្តាច់ទឹកដីនោះ ដូចដែលធ្លាប់កើតមានជាមួយនឹងខេត្តឆេឆេនី ជិត២ទសវត្សរ៍មុន។

ធាតុពិតនៃវីធីថ្មីខាងប្រព្រឹត្តអំពើភេរវកម្ម គឺនៅត្រង់មុនដំបូង កាលពីម្សិលម៉្ងៃ ប៉ូលីសម្នាក់ត្រូវបានជនដៃដល់ដែល មិនរុស្ស៊ីនិយម លួចវាយប្រហារលុះទាល់តែក្រោយមក ដាច់ខ្យល់ស្លាប់ទៅ នៅមន្ទីរពេទ្យ ដើម្បីអន្ទងប៉ូលីសឯទៀត ឲ្យទៅផ្តុំគ្នាចូលរួមក្នុងពិធីបញ្ចុះសពនោះ។ ហើយម្សិលមិញ ពេលដែលមានប៉ូលីសឯទៀត រាប់សិបនាក់ ទៅចូលរួម ក្នុងពិធីបញ្ចុះសពប៉ូលីសអភ័ព្ទនោះដែលជាគ្នីគ្នាខ្លួន ស្រាប់តែមានភេរវជនអត្តឃាត ដោយលាក់គ្រាប់បែកវានៅក្រោម សម្លៀកបំពាក់ បានជ្រៀតចូលទៅបន្លំខ្លួន នៅក្នុងចំណោមក្រុមប៉ូលីសនោះ ហើយក៏ បានបំផ្ទុះគ្រាប់បែកវាគ្ឌាំងតែម្តង ផ្តាច់ជីវិតប៉ូលីសនៅក្បែរៗវា ស្លាប់នៅនឹងកន្លែងភ្លាម អស់ ៧នាក់ និងរបួស១៥នាក់ទៅផង។

ទាក់ទងនឹងសោកនាដកម្មនេះ កាសែត Kommersant លេខថ្ងៃនេះ ចុះផ្សាយសំដីសាក្សីម្នាក់ដែលនៅរស់ ដូចតទៅ៖ “ ក្នុងពិធីបញ្ចុះសពនោះ យើងឥតបានចាប់អារម្មណ៍អ្វីណា ទៅលើមនុស្សដែលយើងមិនស្គាល់ឡើយ ពីព្រោះស្រប នឹងប្រពៃណីយើង ក្នុងពិធីបែបនេះ នរណាក៏អាចចូលរួមដែរ ទោះបីគេមិនមែនជាមិត្ត ឬជាសាច់ញាតិអ្នកស្លាប់ ក៏ដោយ”។ ក្រសួងមហាផ្ទៃ Ingouchie ដែលប្រកាសថា កម្លាំងផ្ទុះនៃគ្រាប់បែកនោះ គឺស្មើនឹងធាតុផ្ទុះ TNT ដល់ទៅ ១០គីឡូ ក្រាម កត់សម្គាល់ថា គ្មាននរណាអាចនឹកស្មានសោះឡើយថា ក្នុងពិធីដ៏ក្រៀមក្រំបែបនេះ អាចមានមនុស្ស ឆ្លៀតចូលមកបង្កប់ខ្លួន ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មដ៏កំសាកយ៉ាងហ្នឹង។ ភេរវកម្មផ្ទួនគ្នាបែបនេះ មិនធ្លាប់មានទេនៅ Ingouchie កាលពីមុនៗ។ ភេររវជនអត្តឃាតនេះ ស្របនឹងលទ្ធផលកោសលវិច័យ គឺជាមេឧទ្ទាមម្នាក់ឈ្មោះ Hamzat Aldiev អាយុ ៣៤ឆ្នាំ ដែលអំណាចសហព័ន្ធស្វែងរកចាប់ខ្លួន អស់ប៉ុន្មានឆ្នាំមកហើយ។

ទន្ទឹមនឹងប្រាក់ឧបត្ថម្ភ ៣.២០០ដុល្លារសម្រាប់គ្រួសារប៉ូលីសម្នាក់ៗ ដែលស្លាប់ទៅ និង ១.៦០០ដុល្លារ សម្រាប់ប៉ូលីស របួសម្នាក់ៗ ដែលរំលែកចេញពីថវិកាខេត្ត Ingouchieផ្ទាល់ ក្រសួងមហាផ្ទៃសហព័ន្ធរុស្ស៊ី ក៏នឹងផ្តល់ទៅដែរ នូវប្រាក់ ជំនួយបែបនេះ៕ ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close