សេចក្តីជូនដំណឹងរបស់ក្លិបអ្នកកាសែតកម្ពុជាស្តីពី វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២ ធ្នូ ២០១៩) ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមជម្រាបជូនដំណឹងដល់​អ្នកសារព័ត៌មាន​ឲ្យ​បាន​ជ្រាប​​ថា វេទិកា​​​និពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៩ ខាង​​មុខនេះចាប់​ពី​ម៉ោង​៨,០០នាទី​ព្រឹក​ ដល់​ម៉ោង​១២,០០នាទី​ថ្ងៃ​ត្រង់ នៅភោជនីយដ្ឋានទន្លេបាសាក់២។

វេទិកា​និពន្ធ​នា​យក​សារព័ត៌​មាន​​កម្ពុជា​​​​​គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រ​ចាំឆ្នាំដ៏ធំបំផុតសម្រាប់​ការ​ជួបជុំ​របស់និពន្ធនាយក, ឬ​តំណាង​​​ស្ថាប័ន​​​សារ​​ព័ត៌មាន​នានាក្នុងនាម​ជា​អ្នក​ដឹកនាំ​វិស័យ​សារ​ព័ត៌​មាននៅកម្ពុជា។ វេទិកា​នេះ​មាន​គោល​ដៅ​លើកយក​បញ្ហាប្រឈមនានា​របស់​អ្នក​សារ​ព័ត៌​មាន​​មក​ជជែក​ពិភាក្សា​និង​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បីលើកស្ទួយ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក៏​ដូចជា​ពង្រឹងអាជីព​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌​មានផងដែរ។

ឆ្នាំនេះគឺជាលើកទី១៦ ហើយដែល​វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាត្រូវបាន​រៀប​​ចំ​ឡើង​​ក្រោម​​ប្រធាន​បទ« សារព័ត៌មានកម្ពុជាក្នុងយុគសម័យ៤.០ »។ និពន្ធនាយកឬ​តំណាង​​អ្នក​ដឹក​នាំ​សារ​ព័ត៌​មាន រួម​ទាំង​តំណាងក្លិប សមាគម ឬសហព័ន្ធសារព័ត៌មាននានានឹង​ចូល​រួម​ជជែកពិភាក្សាអំពី​ឱកាស និង​បញ្ហា​ប្រឈម​របស់សារព័ត៌មានកម្ពុជា​ក្នុងបរិបទនៃបដិវត្តន៍​ឧស្សា​​​ហកម្មជំនាន់ទី៤​​ដើម្បី​ឆ្លើយ​តប​នឹង​សំណួរ​ថា តើ​អ្នក​សារព័ត៌មានខ្មែរ​ត្រៀមខ្លួនហើយឬ​នៅ​ក្នុង​ការចាប់យក​ឱកាស ក៏​ដូច​ជា​ក្នុង​ការ​ជម្នះ​បញ្ហា​ប្រឈម​នា​នា​ពេលដែលពិភពលោក​ឈាន​ជើង​ចូលក្នុង​យុគសម័យ ៤.០? ។

ការ​បណ្តុះ​បណ្តាលធនធានមនុស្ស ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការបង្កើន​ជីវភាព និង​​សមត្ថ​ភាព​​របស់​អ្នក​សារ​ព័ត៌មាន​ដើម្បី​ឲ្យ​ស្រប​នឹង​ការ​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា​សម័យ​ទំនើប​​​​​​​​​​​សុទ្ធសឹងជា​បញ្ហា​ដែល​​ត្រូវ​ដោះ​ស្រាយ​ដើម្បី​ពង្រឹ​ង​គុណភាព​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​​ក៏ដូច​ជាបើក​លំហរ​សេរី​ភាព​សារ​ព័ត៌​មាន​ឲ្យ​កាន់​តែ​ទូលាយដោយទទួលបាននូវជំនឿ​ចិត្ត​កាន់​តែ​ខ្លាំង​ពី​​មហា​​ជន​មកលើ​សារព័ត៌មានអាជីព​។​

នៅចុងបញ្ចប់​នៃវេទិកានេះ អ្នក​ចូលរួមទាំងអស់​នឹងអនុម័ត​សេចក្តី​ប្រកាស​រួម​មួយ​ដើម្បី​​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​មេដឹកនាំសារព័ត៌មានក្នុងការពង្រឹង​ស្ថាប័ន ក៏ដូចជា​​គុណ​ភាព​​ធន​ធាន​​មនុស្ស​របស់​ខ្លួន​ឲ្យ​បានកាន់តែល្អប្រសើរ។ ​សេចក្តីប្រកាសរួមនេះ​ក៏ជា​ការបញ្ជូន​សារ​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ​នានាផងដែរ​​ដើម្បីឲ្យពួកគេចូលរួមសហការ និងផ្តល់ការគាំទ្រ​ដល់​អ្នក​សារ​ព័ត៌មាន​ក្នុង​បុព្វ​ហេតុ​លើក​ស្ទួយ​វិស័យ​សារព័ត៌​មាន​នៅកម្ពុជា៕ ដោយ ៖ ហេង នាង​

Related Articles

Back to top button
Close
Close