ភាគីថៃបិទច្រករបៀង(ថៃ-កម្ពុជា)ទាំងអស់ ករណីទណ្ឌិត សម រង្សុី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៥ វិច្ឆិកា ២០១៩) ៖ ប្រភពពីតាមព្រំដែនកម្ពុជា-ថៃ បានអោយដឹងថា មកទល់ថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០១៩ គឺច្រករបៀងទាំងអស់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទទាំងស្រុងជាបណ្ដោះអាសន្ន ទុកតែច្រកតំបន់និងច្រកអន្ដរជាតិ។
ប្រភពបន្តថា៖ ច្រករបៀងទាំងអស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទជាបណ្ដោះអាសន្នចាប់ពីពេលនេះ និងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត រង់ចាំបទបញ្ជាថ្មីពីថ្នាក់ដឹកនាំ ខណៈរូបថតទណ្ឌិត សម រង្ស៉ី និងអតីតថ្នាក់ដឹកនាំសំខាន់ៗអតីតគណបក្សសង្គ្រោះជាតិ ដែលជាក្រុមមេឧទ្ទាមក្រៅច្បាប់សរុប៩នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ប្រទេសថៃ យកទៅបិទនៅច្រកព្រំដែនថៃ-កម្ពុជា។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែច្រកអានសេះ ខេត្តព្រះវិហារ ត្រូវទាហានឈុតខ្មៅថៃយករូប ទណ្ឌិត សម រង្សុី និងគូកន បិទនៅមាត់ច្រកប៉ុណ្ណោះទេ គឺករណីទណ្ឌិត សម រង្សុី ត្រូវភាគីថៃបិទច្រករបៀងទាំងអស់(ថៃ-កម្ពុជា) ទុកតែច្រកតំបន់-ច្រកអន្តរជាតិ ងាយធ្វើការត្រួតពិនិត្យ ។
ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕