សម្តេច ហ៊ុន សែន អំពាវនាវដល់ជនរួមជាតិ និងភ្ញៀវទេសចរត្រៀមអកអំបុក ក្នុងឱកាសបុណ្យអុំទូក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៥ តុលា ២០១៩) ៖ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ជនរួមជាតិឱ្យត្រៀមអាហារ អំបុក ចេកទុំ ដូងខ្ចី ដើម្បីត្រៀមអកអំបុក ក្នុងឱកាសបុណ្យអុំទូក បណ្តែបប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងចូលមកដល់នូវ៤ថ្ងៃ ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើបណ្តាញសង្គម Facebook ដូច្នេះថា៖ «នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នឹងចូលមកដល់ ហើយនឹងបន្តដល់បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី ១០ ដល់១២ វិច្ឆិកា។ សូមអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមកំសាន្តសប្បាយទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ហើយសូមត្រៀមអំបុក, ចេកទុំ, ដូងខ្ចី…ដើម្បីយើងទទួលទានអំបុកទាំងអស់គ្នា នៅថ្ងៃទី ៩ វិច្ឆិកា ក្នុងបរិយាកាសសប្បាយរីករាយ “អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ”»។
ឆ្លៀតឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ ឱ្យជួបតែសេចក្តីសុខ, សេចក្តីចម្រើន និងសំណាងល្អគ្រប់ៗគ្នា៕