ក្រសួងចំនួន៣ អះអាងថា ករណីពុលនៅខេត្តក្រចេះ បណ្ដាលមកពី​ស្រាស និងទឹកព្រែក

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ ៖ ជុំវិញករណីប្រជាពលដ្ឋចំនួន២ភូមិ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ដែលរងការពុលបណ្ដាលឲ្យស្លាប់ និងរបួសរាប់រយនាក់ ត្រូវ​បាន​រដ្ឋមន្ត្រីក្រសួងចំនួន៣ បានចេញមុខប្រកាសជាផ្លូវការរួមគ្នា ​បញ្ជាក់ថា “ការពុល​បណ្តាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុល កម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគី មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត”។

នេះ​បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉េ និងថាមពល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨​។ ​ក្រសួងទាំង៣ ក៏បានស្រុះស្រួលគ្នា ហើយអះអាងថា ពួកគេនឹងបន្តសហការគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាង នូវបញ្ហាដែលកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា កាលពីដើម​ខែឧសភា​ក​ន្ល​ង​ទៅនេះ មាន​ករណី​ពុល​ពលរដ្ឋ​នៅក្នុង​ភូមិ​ចំនួន៤ ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយ​អ្នកភូមិ​ជាច្រើន មាន​រោគសញ្ញា ឈឺពោះ ក្អួតចង្អោរ ឈឺ​ក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និង​ថប់ដង្ហើម។ ករណី​ពុល​នេះ បានសម្លាប់​ប្រជាពលរដ្ឋ​ចំនួន១៣នាក់ និង​ជាង២០០នាក់​ទៀត ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ៕ ដោយ៖ សការី​

Related Articles

Back to top button
Close
Close