ការលើកឡើងរបស់រដ្ឋ​​​មន្ត្រីក្រសួងកិច្ចការ​​នារីពុំមែនជាការពិត

Cambodia News

ដោយ៖ ហេង នាង

នៅថ្ងៃទី២០ សីហា ២០១២នេះអ្នកភូមិបឹងកក់ប្រមាណជា ៥០នាក់ក្នុងនោះមានទាំងកុមារផងបានប្រមូលផ្តុំគ្នានៅមុខក្រសួងកិច្ច ការនារីម្តងទៀត ដើម្បីជំរុញឲ្យរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បង្ហាញភស្តុតាងពីការចោទប្រកាន់ពួកគេថាបានប្រើហឹង្សាវាយតប លើកម្លាំងសមត្ថកិច្ច ក្នុងពេលតវ៉ារឿងដីធ្លីកន្លងទៅ ទើបបណ្តាលឲ្យស្រី្តតវ៉ាម្នាក់រងរបួសរហូតរលូតកូន។

ការជំរុញរបស់អ្នកភូមិបឹងកក់បានធ្វើឡើងបន្ទាប់ពីពួកគេអះអាងថា រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺលោកស្រី អ៊ឹង គន្ថាផាវី បានធ្វើ បទសម្ភាសន៍តាមវិទ្យុក្នុងស្រុកមួយកន្លងទៅថា ការដែលស្ត្រីម្នាក់រងរបួសរហូតរលូតកូននៅពេលប៉ះទង្គិចជាមួយកម្លាំង សមត្ថ កិច្ច កាលពីថ្ងៃទី២៧ មិថុនា ២០១២កន្លងមក គឺដោយសារស្ត្រីរូបនោះ យកស្បែកជើងវាយទៅលើប៉ូលិស ទើបបណ្តាលឲ្យ ប៉ូលីស ប្រើសិទ្ធិការពារខ្លួន។

អ្នកភូមិបានឲ្យដឹងថា កាលពីថ្ងៃទី១៥ សីហា ពួកគេបានដាក់ញត្តិមកក្រសួងកិច្ចការនារីនេះ សុំអន្តរាគមន៍ជួយរកយុត្តិធម៌ជូនស្ត្រី អ្នកតវ៉ាម្នាក់ឈ្មោះ បូវ ស្រីស្រស់ អាយុ ២៥ឆ្នាំ ដែលត្រូវប៉ូលីសវាយឲ្យរងរបួសរហូតរលូតកូននៅក្នុងផ្ទៃនៅពេលប៉ះទង្គិចគ្នាជា មួយកម្លាំងសមត្ថកិច្ច។

ពួកគេបានចោទប្រកាន់ទៅលើស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ភួង ម៉ាល័យ ថាបានបញ្ជាកម្លាំងវាយទៅលើស្ត្រី ឈ្មោះ បូវ ស្រីស្រស់ ប៉ុន្តែក្រសួងកិច្ចការនារីមិនទាន់បានឆ្លើយតបនឹងញត្តិរបស់ពួកគេផង ស្រាប់តែបានអះអាងប្រាប់ប្រព័ន្ធផ្សព្វ ផ្សាយថា ករណីនេះមកពីពលរដ្ឋជាអ្នកវាយទៅលើសមត្ថកិច្ចមុន។

ពួកគេបានបន្តថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារីពុំមែនជាការពិត ហើយនឹងជំរុញឲ្យបង្ហាញភស្តុតាងជូនពួកគេបើ មិនដូច្នោះទេពួកគេថា រដ្ឋមន្ត្រីរូបនោះត្រូវចេញមុខសារភាពកំហុសជាសាធារណៈដើម្បីធានាថាសិទ្ធិនារីនៅកម្ពុជាត្រូវបាន គេគោរព៕

Related Articles

Back to top button
Close
Close