លទ្ធផលប្រឡងបាក់ឌុប រាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹងប្រកាសនៅរសៀលនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៩ កញ្ញា ២០១៩) ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងមណ្ឌលខេត្តកណ្ដាល នឹងប្រកាសនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ក្រសួងបន្តថា ដំណើរការស្រង់បូកពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រព្រឹត្តិទៅដោយរលូន និងប្រសិទ្ធភាពខ្ពស់ ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។
គណៈកម្មការស្រង់បូកពិន្ទុទាំងអស់ គោរពតាមបទបញ្ញត្តិបានល្អ និងអនុវត្តន៍តាមកម្រងភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់៕