គ្រាប់ខូចគុណភាពចំនួន២៥០តោននឹងត្រូវដុតកម្ទេចោលស្អែកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៩ កញ្ញា ២០១៩) ៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាមនឹងដុតកម្ទេច ចោលគ្រាប់ខូចគុណភាពសរុប២៥០តោននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ស្អែកនេះ ស្ថិតក្នុងបរិវេណសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (អាសេអូ) ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
យោងតាមសេចក្តីប្រកាសព័ត៌មានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម មជ្ឈមណ្ឌលជាតិនឹងរៀបចំធ្វើការកំទេចគ្រាប់ខូចគុណភាពចំនួន២៥០តោន ដែលនឹងប្រព្រឹត្តទៅក្រោមវត្តមានលោក ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ និងជាប្រធានគណៈកម្មធិការជាតិ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ។
សេចក្តីប្រកាសបានបញ្ជាក់ថា គ្រាប់ខូចគុណភាព ចំនួន២៥០តោន ក្នុងនោះមួយចំនួនជាប្រភេទគ្រាប់ WP នៅពេលត្រូវកំដៅថ្ងៃខ្លាំងបង្កឲ្យហុយឆេះ និងប្រភេទគ្រាប់ RPG7 មានស្ថានភាពពុកផុយងាយនិងផ្ទះ អាចប្រឈមនឹងហានិភ័យខ្ពស់៕