សៀវភៅថ្មីជាកាដូសម្រាប់ ហ៊ុន សែន និងភិរិយាក្នុងខួបមង្គលការលើកទី ៣៦ ឆ្នាំ
ភ្នំពេញ៖ អ្នកកាសែតកម្ពុជាមួយរូបនៅថ្ងៃទី ៥ មករា ឆ្នាំ ២០១២ នេះ បានចេញផ្សាយសៀវភៅថ្មីមួយដែលជាស្នាដៃនិពន្ធរបស់ខ្លួនមានចំណងជើងថា «ហ៊ុន សែន – នយោបាយ និងអំណាចក្នុងប្រវត្តិសាស្ត្រខ្មែរជាង ៤០ ឆ្នាំ»។
សៀវភៅដែលមានចំនួនជាង ៣៥០ ទំព័រជាភាសារខ្មែរនេះបានចេញផ្សាយនៅថ្ងៃទី ៥ មករា វេលាម៉ោង ១៣:០០ ដែលត្រូវជាថ្ងៃរំលឹកខួបមង្គលការរបស់សម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវ ប៊ុន រ៉ានី (៥ មករា ឆ្នាំ ១៩៧៦ ជាគូទី ១៣)។
សៀវភៅរៀបរាប់ពីព្រឹត្តិការណ៍ដោយសង្ខេបស្ដីពីនយោបាយ និងអំណាច ព្រមទាំងបញ្ហាសង្គមមួយចំនួនទៀតដែលបានកើតមាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជានាអំឡុងពេលបួនជំនាន់ក្នុងចន្លោះឆ្នាំ ១៩៧០ និងចុងឆ្នាំ ២០១១។
លោក ឆាយ សុផល ជាអ្នកសារព័ត៌មានដែលមានបទពិសោធន៍ជិត ២០ ឆ្នាំ និងជាអ្នកនិពន្ធសៀវភៅនេះបាននិយាយនៅក្នុងសន្និសីទសាព័ត៌មានថា សៀវភៅដែលមានលក្ខណៈជាប្រវត្តិសាស្រ្តនេះបានបង្ហាញពីព្រឹត្តិការណ៍មួយចំនួនពាក់ព័ន្ធនឹងការគ្រប់គ្រងនយោបាយ និងអំណាច ពីដំណើរជីវិតស្នេហា និងគ្រួសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
លោក សុផល បានបន្តថា សៀវភៅនេះក៏បានផ្ដោតលើឥស្សរជននយោបាយសំខាន់ៗជាច្រើនទៀតនៅក្នុងសង្គមកម្ពុជា ដូចជាព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសមាជិករាជវង្សានុវង្សមួយចំនួន សម្តេច សឺន សាន លោកសេនាប្រមុខ លន់ នល់ មេដឹកនាំកំពូលៗរបស់ខ្មែរក្រហម ព្រមទាំងឯកឧត្ដម សម រង្ស៊ី និងឯកឧត្ដម កឹម សុខា ជាដើម ។
នៅក្នុងសេចក្តីផ្តើមនៃសៀវភៅនេះបានបង្ហាញដែរពីបណ្តាប្រទេសដែលបានប្រទាក់ក្រឡាគ្នាក្នុងជម្លោះនៅកម្ពុជាកន្លងមក ដូចជា អាមេរិក អង់គ្លេស ចិន រុស្សី និងពួកសម្ព័ន្ធមិត្ត ព្រមទាំងបណ្ដាប្រទេសជាសមាជិកអាស៊ាន។
លោក ឆាយ សុផល បានបញ្ជាក់ថា ការសរសរសៀវភៅនេះគឺលោកបានធ្វើឡើងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ដោយពេលខ្លះបានសរសេរនៅពេលជិះរថយន្តក្រុង រថភ្លើង និងយន្តហោះកំពុងធ្វើដំណើរ។
លោកបានបន្ថែមថា «ខ្លឹមសារនៅក្នុងសៀវភៅនេះគឺខ្ញុំបានយោងលើឯកសារចំនួន ៨៣ ដែលមានទាំងក្រដាស ទាំងសំឡេង រូបភាព វីដេអូ និងគេហទំព័រ។ ខ្ញុំបានបញ្ចូលពីអ្វីដែលជាការចងចាំ ជាកំណត់ត្រា និងជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំចាប់តាំងពីពេលដែលខ្ញុំបានបម្រើការងារពីឆ្នាំ ១៩៩០ មក»។
លោក ឆាយ សុផល បានអះអាងថា លោកក៏បានបញ្ចូលកំណត់ត្រា និងកិច្ចសម្ភាសន៍ដោយផ្ទាល់រវាងរូបលោកជាមួយសម្ដេច ហ៊ុន សែន តាមទូរស័ព្ទកន្លងមកផង និងកិច្ចសម្ភាសន៍នានាជាមួយសម្ដេចក្នុងចំណោមក្រុមអ្នកសារព័ត៌មានផ្សេងៗទៀតផង។
លោកបានបញ្ជាក់ថា «ខ្ញុំបានចំណាយពេលជិត២ឆ្នាំក្នុងការសរសេរសៀវភៅនេះ បន្ទាប់ពីប្រមូលឯកសារទុកអស់រយៈពេលជាង១០ឆ្នាំមក។ ខ្ញុំសរសេរដើម្បីឲ្យអ្នកអានដឹងពីអ្វីដែលបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជាកាលពីអតីតកាល»។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលបានអានសៀវភៅនេះទាំងស្រុងនោះបានមានប្រសាសន៍ថា សៀវភៅនេះគឺជាស្នាដៃនិពន្ធមួយគួរឲ្យសរសើរ ព្រោះសៀវភៅនេះអ្នកនិពន្ធបានឆ្លុះបញ្ជាំងគ្រប់ទិដ្ឋភាពទាំងអស់ និងមានលក្ខណៈវីជ្ជាជីវៈ។
ឯកឧត្តមបន្តថា មានព្រឹត្តិការណ៍ខ្លះដែលរៀបរាប់នៅក្នុងសៀវភៅនេះក៏លោកមិនបានដឹងពីមុនមកដែរ ដូច្នេះសៀវភៅនេះបានរំលឹកលោកឲ្យនឹកឃើញឡើងវិញពីព្រឹត្តិការណ៍កាលពីអតីតកាល។
បើតាមការឲ្យដឹងពីឯកឧត្តម ខៀវ កាញារីទ្ធ គឺថា កន្លងមកមានតែបរទេសទេដែលសរសេរសៀវភៅប្រវត្តិសាស្រ្តបែបនេះ ហើយឥឡូវគឺមានអ្នកសារព័ត៌មានខ្មែរដែលចេះចងក្រងឯកសារដ៏មានសារសំខាន់នេះ។
លោក ឆាយ សុផល ជានិពន្ធនាយកសារព័ត៌មាន Cambodia News ដែលមានពីរភាសាគឺភាសាអង់គ្លេស និងភាសាខ្មែរផ្សាយនៅគេហទំព័រ www.thisiscn.com និងជាមន្ត្រីអប់រំក្លឹបអ្នកកាសែតកម្ពុជា៕