ក្រសួងសុខាភិបាល ហាមលក់ និង ប្រើប្រាស់ ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ WOW MAN
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ សីហា ២០១៩) ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថា គណនីហ្វេសប៊ុកចំនួន ៥ គឺ៖ ១ ភាពខ្លាំងនៃបុរស ២ បងខ្លាំងអស្ចារ្យ ៣ ខ្លាំងដូចដើម ៤ Wow Man Online ៥ Super Storm Thai កំពុងផ្សព្វផ្សាយលក់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ WOW MAN គ្មានបញ្ជិកា និង គ្មានច្បាប់ពីក្រសួងសុខាភិបាលឡើយ។
ព្រមទាំងផ្សព្វផ្សាយភូតកុហក់បោកប្រាស់ បំភ្លើសហួសពីការពិត គ្មានមូលដ្ឋានវិទ្យាស្ត្រត្រឹមត្រូវ ដូចជា ៖ ឱសថព្យាបាលជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ ជំងឺសន្លាក់ បញ្ហាស្ត្រេស និង ធ្វើឱ្យរាងកាយមាំមួនអារម្មណ៍ស្រស់ស្រាយ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន ។
ក្រសួងសុខាភិបាល បានបន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿលើការផ្សព្វផ្សាយកុហក់បោកប្រាស់តាមបណ្តាញសង្គមហ្វេសប៊ុកដែលគ្មានមូដ្ឋាវិទ្យាសាស្ត្រច្បាស់លាស់របស់គណនីហ្វេសប៊ុកទាំង ៥ ខាងលើ និង ឈប់ប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ WOW MAN គ្មានបញ្ជិកា នេះតទៅទៀត ។
សេចក្តីប្រកាសដដែលនេះ បានបន្ថែមថា ករណីបានឃើញអ្នកប្រើប្រាស់ លក់ ឬ ចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ WOW MAN គ្មានបញ្ជិកា នេះសូមផ្តល់ព័ត៌មាន ឬ ត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បិរក្ខាពេទ្យ និង គ្រឿងសម្អាង តាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕