សម្តេចតេជោ មិនដកថយករណីសំណុំរឿងទណ្ឌិត សម រង្ស៉ី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ សីហា ២០១៩) ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាត្រូវតែអនុវត្តច្បាប់ចំពោះការវិលត្រឡប់របស់ សម រង្ស៉ី ដោយមិនដកថយនោះឡើយ។ ការថ្លែងបែបនេះរបស់សម្តេច ហ៊ុន សែន ធ្វើឡើងកាលពីម្សិលមិញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
សម្តេចសង្កត់ធ្ងន់ថា រឿង សម រង្ស៉ី មិនមែនជារឿង សម រង្ស៉ី ជាបុគ្គលទេគឺពាក់ព័ន្ធនឹងការយកលេសនៃការរំលាយគណបក្សសង្គ្រោះជាតិ ការយកលេសដោយប្រើពាក្យប្រជាធិបតេយ្យ សេរីភាព ប៉ុន្តែលេសទាំងនេះ គឺជាលេសដើម្បីទាញកម្ពុជា ឱ្យធ្លាក់ទៅក្នុងការប្រទាញប្រទង់គ្នារវាងមហាអំណាច និងមហាអំណាចតែប៉ុណ្ណោះ។
សម្តេចបន្តថា កម្ពុជាត្រូវតែប្រកាន់ខ្ជាប់នូវគោលការអព្យាក្រឹត្យ អចិន្ត្រៃយ៍ ដែលចែងក្នុងរដ្ឋធម្មនុញ និងគោលការណ៍ឯករាជ្យ ដោយកសាងប្រទេសដោយខ្លួនឯង មិនអាចឱ្យប្រទេសណាមួយ ទាញកម្ពុជាឱ្យធ្វើតាមខ្លួនបានទេ៕