អ៊ុយក្រែន សម្រេចថា ប្រគល់មកឲ្យរុស្ស៊ី នូវជនដែលគ្រោងធ្វើឃាត លោកពូទីន
ការសម្រេចចិត្តនេះត្រូវបានចេញរសៀល ម្សិលមិញដោយសាលាឧទ្ធរណ៍ក្រុងOdessa ប្រទេសអ៊ុយក្រែនជាទី ដែល ជននោះនៅជាប់ឃុំឃាំង។ជននោះដែលត្រូវសមត្ថកិច្ច អ៊ុយក្រែនឃាត់ខ្លួនកាលពីដើមឆ្នាំនេះឈ្មោះAdam Osmaiev ជាជាតិឆេឆេនីបានសារភាពថាក្រុមរបស់គាត់មានគ្នាប្រមាណ១០ នាក់បានរៀបចំមែនឃាតកម្មរូបលោកពូទីន គឺ ក្រោយពី ការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ីកាលពីខែមិនាចប់ទៅភ្លាម។ចំណែក លោកពូទីនផ្ទាល់តែងថ្លែងថា គាត់ មិនដែលខ្លាចនរណាប៉ុនប៉ងលួច សម្លាប់រូបគាត់ឡើយ។
ការសម្រេចចិត្តធ្វើបត្យាប័ននោះដែលម្សិលមិញអនុម័តដោយភាគីអ៊ុយក្រែនគឺទៅតាមសំណូមពរពីខាងស្ថាប័នរដ្ឋអាជ្ញា រុស្ស៊ីតាំងពីខែ មិនាម៉្លេះ។
ដើមហេតុនៃសាច់រឿងគឺថាកាលពីថ្ងៃទី៤មករាឆ្នាំនេះក្នុងលំនៅមួយ នៃក្រុងផែOdessa អ៊ុយក្រែនស្រាប់តែមានថ្លោះ ការផ្ទុះគ្ឌាំងតែម្តងពេលពួកគេបាន សាកល្បងផ្សំធាតុរំសេវផ្ទុះ។ពេលផ្ទុះនោះមានខ្លះធ្លាក់ខ្លួនស្លាប់ខ្លះត្រូវរបួស ហើយ ទោះបី ឈ្មោះAdam Osmaievផ្ទាល់ ចេះគេចខ្លួនរត់រួចក្តីក៏១ខែក្រោយមកនៅថ្ងៃ៤កុម្ភៈគឺត្រូវបាន សមត្ថកិច្ចអ៊ុយ ក្រែនចាប់បាន ហើយ ដំណឹងនេះថែមទាំងលើកយកទៅផ្សាយដោយកាណាល់ទូរទស្សន័រុស្ស៊ីនៅថ្ងៃ ២៧កុម្ភៈ គឺ មួយ សប្តាហ៍មុនដល់ថ្ងៃបោះឆ្នោតទី៤មិនាផ្ទាល់។
ពេលសួរចម្លើយជននោះដំណាលថាគាត់ជាអ្នកដឹកនាំសាខាអង្គការ ភេរវនិយម“Imarat Caucase”ប្រចាំក្រុងOdessa នៅអ៊ុយក្រែន។ក្រុមគាត់មានគ្នាប្រមាណ ១០នាក់បានទទួលការផ្ទុកផ្តាក់ពីមេភេរវជនឆេឆេនីដ៏ល្បីឈ្មោះDoku Oumarovឲ្យធ្វើឃាតរូបលោកពូទីនជាប្រមុខរដ្ឋរុស្ស៊ី។សក្ខីកម្មនៃ គម្រោងធ្វើឃាតលោកពូទីនត្រូវបានគេរកឃើញនៅ ក្នុងComputerរបស់ជន ជាប់សង្ស័យនោះតែម្តង។
ត្រង់ចំណុចនេះគួរដកឃ្លារំលឹកថាពិតជាលោកពូទីនដែលតាំងពីក្នុងអាណត្តិទី១របស់គាត់ ជាប្រធានាធិបតីពី ឆ្នាំ ២០០០ ដល់២០០៤ម៉្លេះចេះបង្ក្រាបឲ្យលឹបទៅចលនា ពួកឧទ្ទាមដែលចង់ផ្តាច់ទឹកដីឆេឆេនីចេញពីសហព័ន្ធរុស្ស៊ីទៅ បង្កើតជា”រដ្ឋអ៊ីស្លាម”ប្រចាំនៅតំបន់ភ្នំកូកាស ។ រួចតាំងពីពេលនោះមកលោកពូទីនបានទទួលរហ័សនាមជា ”បុរស ខ្លាំង” នៅរុស្ស៊ី។
តាមដែលអ្នកនាំពាក្យផ្លូវការរបស់ស្ថាប័នរដ្ឋអាជ្ញាអ៊ុយក្រែនលោក Yuri Boichenkoថ្លែងឲ្យដឹង ៖ ប្រតិបត្តិការខាង ប្រគល់មកឲ្យរុស្ស៊ីនូវជនជាប់ចោទក្នុងការ ប៉ុនប៉ងធ្វើឃាតរូបលោកពូទីន នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខ ទៅហើយ។
ជុំវិញដំណឹងខាងលើប្រព័ន្ធផ្សព្វផ្សាយនៅរុស្ស៊ីថ្ងៃនេះរំលឹកថា ក្នុងអំឡុង១២ឆ្នាំនៃអំណាច លោកពូទីនក្រសួងសន្តិសុខ រុស្ស៊ីចេះទប់ស្កាត់បានយ៉ាងហោចណាស់៦លើក នូវការប៉ុនប៉ង ធ្វើឃាតលើរូបគាត់។ចំណែកលោកពូទីនផ្ទាល់តែង ថ្លែងថា គាត់មិនដែល ខ្លាចនរណាប៉ុនប៉ង លួចសម្លាប់រូបគាត់ឡើយ៕ ដោយ កែវ ឆាយា (RFI)