ប្រទេស​លីបង់​ចលាចល ​ដោយ​ហេតុ​តែ​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី

ជនជាតិស៊ីរីជាច្រើនសិបនាក់បានបាត់ខ្លួននៅក្នុងប្រទេសលីបង់។ ពួកគេត្រូវបានក្រុមអ្នកកាន់សាសនាអ៊ីស្លាម និកាយChiiteនៅលីបង់ដែល ជាអ្នកគាំទ្ររបបស៊ីរីរបស់លោកបាស្ហា អាល់អាសាដចាប់ធ្វើជាថ្នូរ។

សង្គ្រាមស៊ីវិលនៅស៊ីរី បាននិងកំពុងបន្តដរចូលមកដល់លីបង់ដែលជាប្រទេសជិតខាង។ នៅក្នុងប្រទេសនេះដែល បានឋិតនៅក្រោមអនុត្តរភាពរបស់ប្រទេសស៊ីរី ចំនួន៣០ឆ្នាំ ពួកអ្នកកាន់សាសនាអ៊ីស្លាមនិកាយChiite គាំទ្ររបបរបស់ បាស្ហា អាល់អាសាដ រីឯពួកអ្នកកាន់សាសនាអ៊ីស្លាមនិកាយSunnite កាន់ជើងពួកបះបោរស៊ីរី។

គឺនៅក្នុងបរិបទនេះហើយ ដែលកាលពីថ្ងៃពុធទី១៥សីហាម្សិលមិញ ពួកអ្នកកាន់សាសនាអ៊ីស្លាមនិកាយ Chiite មួយក្រុមដែលគេ ហៅថាបក្សពួក របស់Mokdad បានចាប់ធ្វើជាថ្នូរជនជាតិស៊ីរីជាច្រើនសិបនាក់។ ពួកចំណាប់ខ្មាំងទាំង នេះដែលសុទ្ធសឹងជាអ្នកគាំទ្រពួកបះបោរស៊ីរី ត្រូវបានចាប់ខ្លួននៅគ្រប់ជ្រុងជ្រោយនៃប្រទេសលីបង់ ជាអាទិ៍នៅតាម ជាយក្រុងបេរូត(Beyrouth)។

តាំងពីម្សិលមិញមក ប្រជាពលរដ្ឋលីបង់ភិតភ័យ លែងហ៊ានចេញទៅណាមកណា ដ្បិតពួកអ្នកកាន់សាសនាអ៊ីស្លាម និកាយchiite ឯទៀតៗនៅលីបង់បានប្រកាសគាំទ្រសកម្មភាពរបស់ពួកMokdad។ មិនតែប៉ុណ្ណោះ ពួកMokdad ថែមទាំងបានគំរាមថា នឹងលបចាប់ខ្លួនពួកអ្នកនយោបាយលីបង់ណាដែលហ៊ានគាំទ្រពួកបះបោរនៅ ស៊ីរី។

នៅចំពោះមុខស្ថានភាពតានតឹងបែបនេះ បណ្តាប្រទេសក្នុងតំបន់ដូចជាអារ៉ាប៊ី សៅអ៊ូឌីត (Arabie Saoudite) កាតារ (Qatar) និងអេមីរ៉ា អារ៉ាប់រួម(Emirats Arabes Unis) ជាដើម បានអំពាវនាវឱ្យជនជាតិរបស់ពួកគេ ចាកចេញជាបន្ទាន់ ពីប្រទេសលីបង់៕ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ (RFI)

Related Articles

Back to top button
Close
Close