តួលេខបណ្តោះអាសន្ន បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ កើនជិត៦ពាន់នាក់ ធៀបឆ្នាំមុន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ កក្កដា ២០១៩) ៖ តាមការលើកឡើងរបស់លោកបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា តួលេខបណ្តោះអាសន្ននៃបេក្ខជនមាន១១៩,២១៧នាក់ កើនឡើងជិត៦ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៨ ជសម្រាប់ការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ឬបាក់ឌុបមានដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។
សម្រាប់សម័យប្រឡងបាក់ឌុបនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩-២០សីហាខាងមុខនេះ ហើយក្រសួងបែងចែកមុខវិជ្ជាប្រឡងពីរផ្នែក គឺផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។
ថ្នាក់វិទ្យាសាស្រ្តសង្គមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា , ប្រវត្តិវិទ្យា , ភូមិវិទ្យា , ភាសាបរទេស , គណិតវិទ្យា , សីលធម៌ ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ ។ ផ្នែកវិទ្យាសាស្ត្រមានមុខវិជ្ជា ៖ ប្រវត្តិវិទ្យា , ជីវវិទ្យា , គីមីវិទ្យា , ភាសាបរទេស , អក្សរសាស្ត្រខ្មែរ , រូបវិទ្យា និងគណិតវិទ្យា ។
ក្រសួងក៏បានកាត់បន្ថយមុខវិជ្ជាពី១០មុខមកត្រឹម៧មុខវិជ្ជាវិញ សម្រាប់សម័យប្រឡងឆ្នាំ២០១៩នេះ ដែលការបន្ថយមុខវិជ្ជានេះ ត្រូវបានអ្នកនាំពាក្យបញ្ជាក់ថា ដើម្បីបន្ថយបន្ទុកនិងការខ្វល់ខ្វាយរបស់បេក្ខជន៕