ប្រមុខយោធាថៃ បញ្ជាឱ្យបញ្ចប់ការគ្រប់គ្រងរបស់យោធា ប៉ុន្តែរក្សាអំណាចតឹងរ៉ឹង
សារព័ត៌មាន Cambodia News/
ថៃ (១០ កក្កដា ២០១៩) ៖ ប្រមុខយោធាថៃ លោកប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារទី៩កក្កដា បានបញ្ជាឱ្យបញ្ចប់ការគ្រប់គ្រងរបស់យោធា មុនពេលរដ្ឋាភិបាលស៊ីវិលថ្មីរបស់លោកស្បថចូលកាន់តំណែង ប៉ុន្តែបានរក្សាទុកមិនផ្លាស់ប្តូរនូវអំណាចដើម្បីអនុញ្ញាតឱ្យកងកម្លាំងសន្តិសុខអនុវត្តន៍ការស៊ើបអង្កេតនិងចាប់ខ្លួន។
ចាប់តាំងពីលោកប្រាយុទ្ធបានឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ មក រដ្ឋាភិបាលយោធារបស់លោកបានចេញបទបញ្ជាជាង ៥០០ នៅក្រោមមាត្រាមួយហៅថា មាត្រា ៤៤ ដែលត្រូវបានដាក់ងារថា “ច្បាប់ផ្តាច់ការ” ដោយក្រុមអ្នករិះគន់ ដែលអនុញ្ញាតឱ្យលោកប្រាយុទ្ធមើលរំលងលើច្បាប់របស់ថៃ។
លោកនឹងក្លាយជានាយករដ្ឋមន្ត្រីស៊ីវិលបន្ទាប់ពីត្រូវបានជ្រើសរើសដោយព្រឹទ្ធសមាជិកដែលតែងតាំងដោយយោធានិងសមាជិកសភាជាប់ឆ្នោតនៅក្នុងការបោះឆ្នោតថ្ងៃទី ២៤ មីនា ដែលគូប្រជែងរបស់គាត់និយាយថាត្រូវបានក្លែងបន្លំប្រឆាំងនឹងពួកគេ៕