ទោះជាសស្និទ្ធស្នាលជាមួយគ្នាក៏ដោយរបស់ ៨យ៉ាងមិនគួរប្រើរួមគ្នា
សារព័ត៌មាន Cambodia News/
សុខភាព (៥ មិថុនា ២០១៩ មានរបស់ប្រើប្រាស់ផ្ទាល់ខ្លួនជាច្រើន ដែលយើងអាចនឹងចែកគ្នាប្រើជាមួយអ្នកដទៃម្ដងម្កាល ប៉ុន្តែការពិតវាជារឿងដ៏គ្រោះថ្នាក់។ របស់ ៨យ៉ាងដែលមិនគួរប្រើលើសពីម្នាក់ រួមជាមួយវិធីថែរក្សាវាឲ្យស្អាត និងមានគុណភាពល្អ៖
១. ក្រែមលាបមាត់
ជំងឺសើស្បែកផ្សេងៗងាយនឹងឆ្លងបំផុតតាមរយៈក្រែមលាបមាត់ ទាំងក្រែមស្ងួត និងក្រែមរលោង។ មេរោគខ្លះអាចឆ្លងតាមទឹករំអិលលើបបូរមាត់ ឬទឹកមាត់។
២. កាស
ត្រចៀករបស់អ្នកនឹងអាចឆ្លងមេរោគដោយសារបាក់តេរីក្នុងអាចម៍ត្រចៀកអ្នកដទៃដែលនៅជាប់នឹងកាស។
៣. បូចងសក់ និងឧបករណ៍មូរសក់
មេរោគផ្សិតនានាអាចនឹងចម្លងមកអ្នកបានពេលអ្នកប្រើក្រាសសិតសក់ បូចងសក់ និងឧបករណ៍មូរសក់រួមគ្នានឹងអ្នកដទៃ។
៤. រ៉ូលអនលាបក្លៀក
បើទោះបីផលិតផលបំបាត់ក្លិនក្លៀកជាច្រើនមានសមត្ថភាពប្រឆាំងបាក់តេរី ប៉ុន្តែវានៅតែមិនសុវត្ថិភាពឡើយបើអ្នកប្រើវាចែករំលែកជាមួយអ្នកដទៃ។
៥. កន្សែង
បើអ្នកឲ្យគេខ្ចីកន្សែងពោះគោ ពេលយកមកវិញត្រូវបោកគក់ឲ្យបានស្អាតសិន សឹមប្រើបន្ត ព្រោះកន្សែងទាំងនេះអាចនៅជាប់មេរោគផ្សិត និងបាក់តេរីជាច្រើន។
៦. ឧបករណ៍ធ្វើក្រចក និងកោររោម
កន្ត្រៃកាត់ក្រចក ឡាម កាំបិតកោផ្សេងៗ គឺគួរប្រើតែម្នាក់ឯងបានហើយ ព្រោះមេរោគឆ្លងតាមឈាម អាចនឹងងាយឆ្លងតាមរយៈឧបករណ៍ទាំងនេះ។
៧. ឧបករណ៍សម្រាប់ថែរក្សាស្បែក
អ្នកអាចនឹងគិតថា ជក់សម្អាតមុខ ប្រដាប់ម៉ាស្សាមុខ និងប៉ុងផ្សេងៗ គឺងាយនឹងសម្អាត។ ទោះយ៉ាងណាពេលប្រើច្រើន វានឹងមានបាក់តេរីតោងជាប់ស្អិត ដែលបណ្ដាលឲ្យមុខកើតមុន។
៨. ស្បែកជើងពាក់ក្នុងផ្ទះ
ពេលពាក់ស្បែកជើងទាំងនេះយូរ ជើងរបស់យើងនឹងចាប់ផ្ដើមចេញញើស ដែលនឹងធ្វើឲ្យមានការបង្កមេរោគផ្សិតច្រើនកើតឡើង ដូច្នេះហើយការប្រើប្រាស់វារួមគ្នា នឹងអាចឲ្យអ្នកងាយឆ្លងនូវមេរោគទាំងនោះ៕
ប្រភព៖ Brightside ប្រែសម្រួលដោយ Cambodia News