សុខដុមនីយកម្មនៃជនជាតិសាសនាមានសារសំខាន់ណាស់សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មិថុនា ២០១៩) ៖ កាលពីល្ងាចថ្ងៃអាទិត្យទី២ ខែមិថុនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម នៅវិហារបឹងកក់ ស្ថិតនៅសង្កាត់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់ខ្មែរ-ឥស្លាម នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោចំពោះបងប្អូនខ្មែរ-ឥស្លាម ទោះបីជាសម្តេចតេជោជាអ្នកកាន់ព្រះពុទ្ធសាសនាក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញមកជួបជុំជាមួយបងប្អូនខ្មែរ-ឥស្លាមកម្ពុជានាពេលនេះ។ ទន្ទឹមនឹងនោះ បងប្អូនខ្មែរ-ឥស្លាម មានទឹកមុខសប្បាយរីករាយជាខ្លាំងនៅពេលឃើញវត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញមកដល់វិហារបឹងកក់។
កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង បំផុតចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថាកម្ពុជាមិនមានជំលោះជាតិសាសន៍ និងសាសនាណាមួយកើតឡើងឡើយ។ សុខដុមនីយកម្មនៃជនជាតិ និង សាសនា គឺមានសារៈសំខាន់ណាស់សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត៕