ឃាតករដែលរំលោភសម្លាប់កុមារទាំងពីរត្រូវបានបញ្ជូនមកនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃហើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មិថុនា ២០១៩) ៖ នៅវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ កម្លាំងនគរបាលបានចាប់បញ្ជូនជនដៃដល់ និងប្រពន្ធ (២នាក់ប្តីប្រពន្ធ) មកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃហើយ ពាក់ព័ន្ធនឹងករណីចាប់រំលោភនិងសម្លាប់ក្មេង២នាក់បងប្អូន នៅខេត្តព្រះសីហនុ ដែលជនសង្ស័ួត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកមេសាង ខេត្តព្រៃវែង។
អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ជាវ វិបុល បានថ្លែងឲ្យដឹងថា ក្រោយពីកម្លាំងនគរបាលបានចាប់ខ្លួនជនដៃដល់ ឈ្មោះ មាង វិចិត្រ ដែលបានសម្លាប់ក្មេង២នាក់បងប្អូន នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើរំលោភ និងសម្លាប់ក្មេងស្រី២នាក់បងប្អូនមែន។
លោកថា បើតាមសម្លើយសារភាពរបស់ជនសង្ស័យថា មូលហេតុ គឺដោយសារតែខ្លួនស្រវឹង និងវង្វេងស្មារតី ដោយខណៈកំពុងធ្វើសកម្មភាពលើក្មេងស្រីអាយុ០៧ឆ្នាំ ពេលនោះក្មេងប្រុសអាយុ០២ឆ្នាំក៏បានចូលមកទាន់ ខ្លួនក៏បានទះ០២ដៃ ទាត់មួយជើងខ្ទប់នឹងជញ្ជាំង បណ្តាលឲ្យក្មេងប្រុសនោះស្លាប់តែម្តង។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ។
សូមជម្រាបថា ឃាតកម្មដ៏ព្រៃផ្សៃនេះ បង្កឡើងដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។ ក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្តុះ៕