ធនាគារជាតិ កំពុងចាត់វិធានការ លើក្រុមហ៊ុន GCG Asia ដែលបំភ្លៃព័ត៌មានមិនពិត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ ឧសភា ២០១៩) ៖ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១៦ ឧសភា បានឲ្យដឹងថា ក្រុមហ៊ុន GCG Asia មិនមានការពាក់ព័ន្ធ ឬសហការជាមួយ ធនាគារជាតិនៃកម្ពុជា ទេ ។ សូមសាធារណជន មេត្តាប្រុងប្រយ័ត្នចំពោះ ក្រុមហ៊ុន GCG Asia ដែលបានបង្ហោះលើគេហទំព័រពីឈ្មោះ និងស្លាកសញ្ញាធនាគារជាតិនៃកម្ពុជា ក្នុងបំណងទុច្ចរិត ។
ពេលនេះធនាគារជាតិ នៃកម្ពុជា បានថ្កោលទោស និងកំពុងចាត់វិធានការ ទៅលើក្រុមហ៊ុន GCG Asia បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយ ក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency) ។
ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា មិនដែលទទួលស្គាល់ ឬមានការពាក់ព័ន្ធជាមួយក្រុមហ៊ុន GCG Asia នេះឡើយ។ ធនាគារជាតិនៃកម្ពុជា កំពុងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការបំភ្លៃ និងបន្លំព័ត៌មានរបស់ក្រុមហ៊ុន GCG Asia និងសូមថ្កោលទោសចំពោះ ការប្រព្រឹត្តិអំពើខុសច្បាប់នេះ» ៕