ដំណក់ទឹកដោះគោស្រស់លើកដំបូងនឹងផលិតក្នុងឧទ្យានជាតិ តេជោ សែន
ដោយ ឆាយ សុផល
ព្រះវិហារ (១២ ឧសភា ២០១៩)៖ ទឹកដោះគោស្រស់នឹងត្រូវបានផលិតឡើងជាលើកដំបូងក្នុងឧទ្យាន តេជោ សែន នៅខេត្តព្រះវិហារ ដើម្បីផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់ជាតិនិងបរទេសចាប់ពីខែកក្កដាខាងមុខនេះទៅ។
មេគោផើមពូជហូឡង់ចំនួន១០០ក្បាលក្នុងចំណោម៥០០ក្បាល នឹងនាំចូលពីប្រទេសថៃ តាមច្រកប៉ោយប៉ែតនៅថ្ងៃទី២៥ ឧសភា នេះ មកកាកន់ “ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឬស្សីត្រឹប” ហើយពីរខែក្រោយមក មេគោទាំងនោះនឹងកើតកូនដោយអាចផលិតទឹកដោះបាន។
នៅក្នុងផ្នែកមួយនៃឧទ្យាននេះ រោងនិងវាលចិញ្ចឹមគោ ព្រមទាំងវាលដាំស្មៅ ត្រូវបានរៀបចំឡើងតាមលក្ខណៈបច្ចេកទេស ដោយមានក្រុមជំនាញមកពីប្រទេសថៃមកជួយសម្រួល ខណៈអ្នកជំនាញជាយុវជនកម្ពុជាចំនួន១០រូប ដែលបានសិក្សានៅប្រទេសប្រទេសថៃក៏បានបំពេញការងារនេះដែរ។
ម៉ាស៊ីនគាបយកទឹកដោះគោ ម៉ាស៊ីនច្រកនិងរក្សាទុកត្រូវបាននាំមកពីប្រទេសជប៉ុន ដើម្បីផលិតទឹកដោះគោស្រស់ឲ្យមានអនាម័យ និងមានគុណភាពស្រមតាមលក្ខណៈបច្ចេកទេសចំណីអាហារ។
លោកបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឬស្សីត្រឹប កំពុងធ្វើកិច្ចការនេះយ៉ាងសកម្ម ដោយលោកអះអាងថា គោមួយក្បាលមានតម្លៃជាង២.០០០ដុល្លារអាម៉េរិក។
លោកបណ្ឌិតបញ្ជាក់ថា នៅឆ្នាំ២០២០ គោសរុបចំនួន៥០០ក្បាលនឹងមាននៅក្នុងឧទ្យាននេះ ហើយទឹកដោះគោនឹងត្រូវបានផលិតរហូតដល់មួយម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីយកទៅផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់ ពិសេសទេសចរណ៍នៅក្រុងសៀមរាប។
លោកបន្តថា នៅពេលទឹកដោះគោផលិតចេញពីឧទ្យាននេះហើយ នោះនឹងកាត់បន្ថយការនាំចូលទឹកដោះគោស្រស់ពីបរទេស ហើយក្រោយមកឧទ្យាននេះក៏នឹងបង្កើតធនាគារគោសម្រាប់កសិករ ពិសេសអ្នករស់នៅជុំវិញតំប់នោះ។
សូមបញ្ជាក់ថា នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឬស្សីត្រឹប ដែលមានទំហំ១៤.៣៣៤ហិចតា ហើយដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យនៅឆ្នាំ២០១៤ មានមជ្ឈមណ្ឌលស្រាវជ្រាវ តាមដាន អភិរក្សនិងអភិវឌ្ឍកសិកម្ម ព្រៃឈើនិងសត្វព្រៃ និងសត្វកម្រ ជីកស្រះស្តុកទឹកទុកឲ្យសត្វព្រៃផឹកផឹក ដាំដើមឈើ បង្កាត់ផ្កា រួមនិងការងារកសិកម្មមួយចំនួន បណ្តុះបណ្តាលរបៀបចិញ្ចឹមគោ ការគាបយកនិងរក្សាទុកទឹកដោះ។
ឧទ្យាន ដែលស្ថិតនៅឃុំឆែប១ និងឃុំឆែប២ ក្នុងស្រុកឆែប ខេត្ព្រះវិហារ នេះក៏មានអភិរក្សឡស្លដែកបែបបុរាណផងដែរ ព្រោះថា តំបន់នោះជាអតីតកន្លែងផលិត ដែកនាសម័យអង្គរ ចាប់ពីសតវត្សទី១១ ដល់សតវត្សទី១៣។
សូមរម្លឹកថា រាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុនមួយរបស់ជប៉ុន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីនាំយកសត្វកម្រនានា ដូចជាត្រីដូហ្វីន ឬត្រីផ្សោតទឹកសាបដែលជិតផុតពូជនៅលើពិភពលោក ទៅចិញ្ចឹមនៅក្នុងឧទ្យាននេះ ព្រោះនៅទីនោះមានអូរ ដាលាស់ ដែលជាអូរពីបុរាណកាល។
រាជបណ្ឌិត្យសភាកម្ពុជាកំពុងស្វះស្វែងរកជំនួយប្រមាណ១០លានដុល្លារពីប្រទេសកូរ៉េខាងត្បូង ដើម្បីស្តារអូរបុរាណនេះឡើងវិញ សម្រាប់អភិរក្សសត្វព្រៃនិងសត្វកម្រ ព្រមទាំងសម្រាប់កសិកម្មរបស់កសិករនៅតំបន់ក្បែរឧទ្យាននោះ។
នៅក្នុងអនុស្សរណៈយោគយល់គ្នាមួយផ្សេងទៀតរវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនមួយរបស់ជប៉ុនកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ គឺរាជបណ្ឌិត្យសភាកម្ពុជានឹងនាំយកសត្វកម្រនានា ដូចជាត្រីដូហ្វីន ឬត្រីផ្សោតទឹកសាបដែលជិតផុតពូជនៅលើពិភពលោក ទៅចិញ្ចឹមនៅក្នុងឧទ្យាននេះ ព្រោះនៅទីនោះមានអូរមួយហៅថា អូដាលាស់ ដែលរាជបណ្ឌិត្យសភាកម្ពុជាចង់រៀបចំនៅទីនោះឱ្យទៅជា ដូហ្វីន។
ទន្ទឹមនឹងនោះ រាជបណ្ឌិត្យសភាកម្ពុជានឹងរកសត្វខ្លាដែលជិតផុតពូជ និងដំរីយកទៅអភិរក្សនៅក្នុងឧទ្យាននេះ ដើម្បីគ្រប់ជាតិសាសន៍បានមកទស្សនាសត្វកម្រស្ទើរតែផុតពូជ៕