ប្រធាន​បទទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ​នេះ​ ​នឹង​ជជែកគ្នា​ពី​ “តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ”

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២ ឧសភា ២០១៩) ៖ ជារៀងរាល់ឆ្នាំ ថ្ងៃទី០៣ ខែឧសភា គឺជាថ្ងៃដែលគេប្រារព្ធ​គោលការណ៍​គ្រឹះនៃសេរីភាពសារព័ត៌មាន និងជាឱកាសមួយដើម្បីលើកទឹកចិត្ត និងបង្កើតគំនិតផ្តួចផ្តើម ដើម្បីលើកស្ទួយសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការទទួល​បានព័ត៌មាន។

រូប​ភាព​ ៖ ទិវាសេរីភាពសារព័ត៌មានពិភពលោក កាល​ពី​​ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨កន្លង​មក​

សម្រាប់​ឆ្នាំ​នេះ​ ក្រសួងព័ត៌មាន សហការពីអង្គការយូណេស្កូ និងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំពិធីអបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។

ការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី២៦នេះ នឹងប្រព្រឹត្តទៅក្រោម ប្រធាន​បទ៖ “តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ” ។

ភាគីពាក់ព័ន្ធជាច្រើន ដូចជាមន្រ្តីរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន តំណាងអង្គការ​​សហប្រជា​ជាតិ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ។ល។ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីពិភាក្សាគ្នាអំពីការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការគាំទ្រសន្តិភាព និងប្រជាធិប​តេយ្យ។

គួរ​បញ្ជាក់​ថា ថ្ងៃទី០៣ ខែឧសភា ត្រូវបានប្រកាសជាទិវាសេរីភាព​សារព័ត៌មាន​ពិភព​លោក នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ បន្ទាប់ពីអនុសាសន៍ត្រូវ​បាន​​អនុម័ត​ឡើង នៅក្នុងសន្និសីទទូទៅរបស់អង្គការយូណេស្កូ លើកទី២៦ នៅឆ្នាំ១៩៩១៕

 

Related Articles

Back to top button
Close
Close