ប្តីអារកសម្លាប់ប្រពន្ធ រួចចងកសម្លាប់ខ្លួនតាមក្រោយដោយសារភ្លើងប្រច័ណ្ឌ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ មេសា ២០១៩) ៖ ដោយភ្លើងប្រច័ណ្ឌ បណ្តាលឲ្យបុរសជាប្តីអារកសម្លាប់ប្រពន្ធ រួចចងកសម្លាប់ខ្លួនតាមក្រោយបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះជនរងគ្រោះ ស្ថិតនៅ ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបន្សល់ទុកកូនស្រីអាយុ៣ឆ្នាំម្នាក់។
សពជនរងគ្រោះជាប្តីឈ្មោះលឹម គីមតូ អាយុ ៣៤ មុខរបរបុគ្គលិកក្រុមហ៊ុន លក់ម្រុំ ស្នាក់នៅផ្ទះអត់លេខ ផ្លូវលំ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
សពជនរងគ្រោះជាប្រពន្ធឈ្មោះ ផល ហ្គិច ស៊ិវ ២៦ឆ្នាំ មុខរបរបុគ្គលិកធនាគារ ABA មានស្រុកកំណើតភូមិតាប៊ឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល មានកូនស្រីម្នាក់ អាយុ ៣ឆ្នាំ ស្នាក់នៅជាមួយយាយ។
តាមការអោយដឹងពីបងប្រុសបង្កើត របស់ជនរងគ្រោះខាងស្រី មុនពេលរូបគាត់ចេញពីធ្វើការ ត្រឡប់មកផ្ទះវិញ ពេលចាក់សោចូលទៅក្នុងផ្ទះ ស្រាប់តែប្រទះឃើញប្អូនស្រីបានស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ចំណែកបុរសជាប្តីត្រូវជាបងប្អូនថ្លៃបានចងកសម្លាប់ខ្លួនខាងក្រោយផ្ទះ។
បើតាមការរៀបរាប់របស់បងប្អូនជនរងគ្រោះខាងស្រីបានឲ្យដឹងបន្ថែមទៀតថា ប្តីប្រពន្ធទាំងពីរនាក់នេះគឺរស់នៅមិនចុះសម្រុងនឹងគ្នា ឈ្លោះ ប្រកែកគ្នា អស់រយ:ពេល៣ខែមកហើយ មូលហេតុដោយសារតែបុរសជាប្តីប្រច័ណ្ឌប្រពន្ធ ៕ ដោយ ៖ សហការី