ខឹងគេមិនហៅផឹកបេីករថយន្តបុករះ បណ្តាលឲ្យរងរបួសធ្ងន់ ៦នាក់ និងស្លាប់ ២នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មីនា ២០១៩) ៖ គ្រោះថ្នាក់ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី២៨ ខែមីនា នៅចំណុចផ្ទះលេខ១២ ផ្លូវលេខ៣២៤ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបង្កឡើងដោយរថយន្តឡិចស៊ីស RX៣០០ ពណ៌ស្ករមួយគ្រឿងបើកបរដោយបុរសញៀនថ្នាំនិងស្រវឹងជោកជាំបុកចូលវង់រាំ និងផឹកស៊ី នៅក្នុងពិធីបុណ្យភូមិទាំងថ្ងៃ បណ្តាលអោយមនុស្សប្រុស-ស្រី២នាក់ស្លាប់ និងក្មេងចាស់ប្រុស-ស្រី៥នាក់ផ្សេងទៀត រងរបួសស្រាលនិងធ្ងន់ ។ជនបង្កឈ្មោះ ទឹម គឹមតិច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់សា្លធម៌ដូង ស្នាក់នៅផ្ទះលេខ២៥A ផ្លូវលេខ៣២៤ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាមនុស្សញៀនថ្នាំ និងស្ថិតនៅក្នុងភាពស្រវឹងមានកម្រិតជាតិអាល់កុល០,២៦ ក្នុង១លីត្រខ្យល់ត្រូវបាននគរបាលខណ្ឌទួលគោកឃាត់ខ្លួន។
តាមព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ បន្ទាប់ពីធ្វើបុណ្យភូមិរួច ប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ កំពុងជួបជុំគ្នាហូបបាយ និងរាំលេងសប្បាយ ។ ខណៈនោះ ស្រាប់តែមានរថយន្តបើកមកបុកចូលក្នុងហ្វូងមនុស្ស បណ្តាលឱ្យដេកដួលរដូករណែល ហើយរថយន្តនោះក៏បើកថយចេញវិញ និងបានបើកមកបំបុកទៀត ក៏ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋកៀបជាប់ទើបទៅមុខលែងរួច ។
ប្រជាពលរដ្ឋ ដែលជាអ្នករងគ្រោះឱ្យដឹងថា ដោយសារតែជននោះខឹងមិនហៅផឹកស៊ីនៅក្នុងពិធីបុណ្យភូមិ ទើបបានជាបើករថយន្តមកបំបុកបែបនេះ ។ ប៉ុន្តែអ្នកបើកបររថយន្តវិញឆ្លើយប្រាប់សមត្ថកិច្ចថា ដោយសាតែខឹងជនរងគ្រោះមិនលក់ថ្នាំញៀនអោយ ។ ទោះបីជាយ៉ាងណា នគរបាលឲ្យដឹងថា អ្នកបើកបររថយន្តរូបនេះ ជាមនុស្សញៀនថ្នាំនិយាយលែងដឹងខុសត្រូវទៅហើយ ៕ ដោយ ៖ សហការី