​សម្ដេច​តេ​ជោ​ ៖ កម្ពុជា​នៅតែ​ត្រូវការ​កិច្ចសហការ​ដោយ​ស្មោះ​ត្រង់​ពី​សហគមន៍​អឺរ៉ុប

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៩ មីនា ២០១៩) ៖ នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែមីនា នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​​ បាន​លើក​ឡើងថា EBA ​មិន​អាច​ឋិត​នៅ អចិន្ត្រៃយ៍​ទេ​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ តទៅ​អនាគត កម្ពុជា នៅតែ​ត្រូវការ​កិច្ចសហការ​លើ​គ្រប់​វិស័យ​ ជាពិសេស ​វិស័យ សេដ្ឋកិច្ច រវាង​កម្ពុជា ​និង​សហគមន៍​អឺរ៉ុប ​ដោយ​ឥត​រើសអើង ​លើ​មូលដ្ឋាន​គោរព​គ្នា​ដោយស្មោះ​ត្រង់​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ បាន​ដាក់​ចេញ​នូវ​កំណែទម្រង់​ដ៏​មុត​ស្រួច​នានា ហើយ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​គោល​នយោបាយ ​យុទ្ធសាស្ត្រ និង​វិធានការ​កែទម្រង់​មុត​ស្រួច​នានា ​នឹង​អនុញ្ញាត ​ឱ្យ​កម្ពុជា​ អាច​ឈាន​ទៅ​ចាប់យក​នូវ​មូលដ្ឋាន​សេដ្ឋកិច្ច​ថ្មី ដែល​ពឹង​ផ្អែកលើ​ឧស្សាហកម្ម បង្កើត​តម្លៃ​បន្ថែម​ខ្ពស់ ​ឧស្សាហ កម្ម​ប្រើ​ជំនាញ ​និង​បច្ចេកវិទ្យា​ជឿនលឿន ​ប្រកបដោយ​ភាពជឿជាក់​ ជាពិសេស​ អាចឱ្យ​កម្ពុជា អាច​ឈរ​ដោយ​ខ្លួនឯង បាន​ ដោយ​មិនចាំបាច់​ពឹង​ផ្អែកលើ​ប្រពន្ធ​អនុគ្រោះ​ពី​ប្រទេស​ផ្សេងៗ ​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។

សម្ដេច​តេ​ជោ បានបញ្ជាក់​ទៀតថា​ ប៉ុន្តែ​ក្នុងន័យនេះ​ មិនមែន​ថា​កម្ពុជា ​មិនត្រូវ​ការ​នូវ​កិច្ច​សហប្រតិបត្តិការ ​ដែល ផ្តល់​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​ប្រកបដោយ​ភាព​ស្មោះត្រង់​នោះទេ​ កម្ពុជា ​នៅតែ​ត្រូវការ​កិច្ចសហការ​ប្រកបដោយ ការគោរព​គ្នា ​ក្នុងនាម​ជា​ដៃគូ​ស្មើ​សិទ្ធិ ស្មើភាព ​ជាមួយ​ដៃគូ​ខាងក្រៅ​។ ​

សម្តេច​តេ​ជោ បាន​ថ្លែងថា ទោះ​មាន​EBA ក្តី ឬ​ មិនមាន​EBA​ក្តី ​កម្ពុជា នឹង​បន្ត​ធ្វើដំណើរ​ទៅមុខ​ដោយ​ភាព​ស្វាហាប់ ​និង​ភាព​ជឿជាក់​ខ្ពស់​ ក្នុង​ការ​កំណត់​ជោគវាសនា​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត ឈាន​ទៅ​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ ​និង​បំណង​ប្រាថ្នា​ប្រកបដោយ​មហិច្ឆតា​របស់​ខ្លួន ​ពោលគឺ​ក្តាប់​យក​មក​វិញ​នូវ​មោទនភាព​ជាតិ និង​កសាង​ជាតិ​មួយ​ដ៏​រស់ រវើក​ ឈានឆ្ពោះ​ទៅរក​អនាគត​ដ៏​ភ្លឺស្វាង និង​ត្រចះត្រចង់​៕ ដោយ ៖ សហការី​

Related Articles

Back to top button
Close
Close