ឆ្នាំក្រោយកម្ពុជាអាចនឹងកាត់បន្ថយថ្ងៃឈប់សម្រាក

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៨ មីនា ២០១៩) ៖ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិតជិត២ពាន់នាក់នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ មីនានេះ សម្តេចតេជោបានថ្លែងថា កម្ពុជាមានថ្ងៃឈប់សម្រាកច្រើនពេក ឈប់សម្រាកច្រើនជាងប្រទេសអ្នកមានទៅទៀត ដូច្នេះឆ្នាំក្រោយអាចនឹងកាត់បន្ថយថ្ងៃឈប់សម្រាក។

សម្តេចតេជោបញ្ជាក់ថា កម្ពុជាមានតែបុណ្យធំៗតែ២ប៉ុណ្ណោះ គឺពិធីបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ដូច្នេះកម្ពុជាយើងគួរតែកែថ្ងៃឈប់សម្រាកតូចៗក្នុងពិធីបុណ្យផ្សេងៗ១ថ្ងៃៗមកដាក់ឲ្យឈប់សម្រាកពេលបុណ្យចូលឆ្នាំថ្មី ដែលធ្លាប់តែឈប់សម្រាក៣ថ្ងៃ អាចឡើងទៅឈប់៥ថ្ងៃ និងភ្ជុំបិណ្ឌឈប់សម្រាកទៅ៤ឬ៥ថ្ងៃវិញ។ សម្តេចតេជោបានបន្តថា ធ្វើដូច្នេះក៏បង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋយើងទៅស្រុកកំណើតបានច្រើនថ្ងៃផងដែរ។

យ៉ាងណាក៏ដោយសម្តេចតេជោបានបញ្ជាក់ថា នេះគ្រាន់តែជាចំណុចដែលត្រូវគិតគូរ ប៉ុន្តែក៏ត្រូវយកទៅពិភាក្សាជាមួយមន្រ្តី និងវិស័យឯកជននានាៗ និងអ្នកពាក់ព័ន្ធ ដើម្បីសម្រេចជារួម។

សូមជម្រាបថា នៅឱកាសនេះសម្តេចតេជោបានលើកឡើងថា យើងត្រូវកាត់បន្ថយអ្វីដែលមិនចាំបាច់ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា យើងត្រូវរកវិធីអ្វីដើម្បីឲ្យយើងកាន់តែរីកចម្រើន ដូចដែលធ្លាប់លើកឡើងកន្លងទៅ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ។ សម្តេចតេជោក៏បានបង្ហាញឆន្ទៈថានឹងខិតខំធ្វើឲ្យកម្ពុជាបន្តមានកំណើនសេដ្ឋកិច្ច ទាក់ទាញការវិនិយោគ ដើម្បីរីកចម្រើនសម្រាប់ជាតិ និងប្រជាជន៕

 

Related Articles

Back to top button
Close
Close