គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែមីនា ស្លាប់៣នាក់ និងរបួស១៧នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មីនា ២០១៩) ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់១០នាក់។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង, រថយន្តតូច៤គ្រឿង, រថយន្ដធុងធំ២គ្រឿង និងយានផ្សេងៗ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, ប្រជែង និងស្រវឹង។
របាយការណ៍បញ្ជាក់ថា រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៥៦លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៤៣នាក់ របួសធ្ងន់១៩៥នាក់ និងរបួសស្រាល១៤៣នាក់៕