អគ្គិសនីកម្ពុជា ប្រកាសថា ការខ្វះខាតភ្លើងនឹងអូសបន្លាយរយៈពេល ៧២ថ្ងៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ មីនា ២០១៩) ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា ចុះកាលបរិច្ឆេទថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ បានប្រកាសថា ការខ្វះខាតភ្លើងប្រើប្រាស់រយៈពេល ៧២ថ្ងៃ អំឡុងរដូវក្ដៅ ដែលចាប់ផ្ដើមពីពេលនេះ រហូតដល់ចុងខែឧសភា ទើបភ្លើងអាចផ្គត់ផ្គង់នៃការប្រើប្រាស់ធម្មតាវិញ។
ប្រភពខាងលើបានឲ្យដឹងទៀតថា ចាប់ពីខែមករា អាកាសធាតុក្ដៅខ្លាំង និងការខ្វះទឹកខុសប្រក្រតី ធ្វើឲ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីនៅឆ្នាំ ២០១៩ បានកើនឡើងយ៉ាងគំហុក លើសពីការរំពឹងទុក។ ការខ្វះទឹកនេះធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់ចេញពីប្រភពវារីអគ្គិសនីថយចុះមិនអាចធានាការផ្គត់ផ្គង់ថាមពលអគ្គិសនីពេញលេញទូទាំងប្រទេសដល់ចុងរដូវប្រាំងដូចសព្វមួយដង។
ដើម្បីដោះស្រាយបញ្ហានេះ អគ្គិសនីកម្ពុជាបានទំនាក់ទំនងប្រទេសជិតខាងឲ្យជួយបង្កើនការផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់កម្ពុជា ជាលទ្ធផលប្រទេសថៃបានជួយបង្កើនការផ្គត់ផ្គង់បន្ថែម ៨០ MW ប្រទេសឡាវបន្ថែម 10MW និងប្រទេសវៀតណាមបានជួយរក្សាការផ្គត់ផ្គង់អគ្គិសនីឲ្យនៅដដែល ទោះបីភាគខាងត្បូងវៀតណាម កំពុងជួបបញ្ហាខ្វះខាតអគ្គិសនីដូចគ្នា។
ផ្អែកតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ក្នុងរយៈពេលវេលាដ៏លំបាក ៧២ថ្ងៃ រហូតដល់ចុងខែឧសភា ដោយឡែកថ្ងៃបុណ្យជាតិ រួមនឹងថ្ងៃអាទិត្យដែលជាថ្ងៃសម្រាកសរុប២៣ថ្ងៃ អគ្គិសនីកម្ពុជានឹងរក្សាការផ្គត់ផ្គង់ឲ្យមានជាធម្មតា។ ប្រសិនបើមានភ្លៀងធ្លាក់មកមុនចុងខែឧសភា ការផ្គត់ផ្គង់នឹងមានជាប្រក្រតីវិញ៕
សូមអានខ្លឹមសារទាំងស្រុងខាងក្រោមនេះ